ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់កាបូបអ្នកធ្វើដំណើរតាមផ្លូវមិនបានសម្រេចជាប់ខ្នោះដៃនគបាលស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២១ ធ្នូ ឆ្នាំ ២០២២នៅលើផ្លូវកៅស៊ូខាងមុខមន្ទីរបក្សស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

អធិការនគរបាលស្រុកផុសលោកវរសេនីយ៍ឯក ខែម វិបុល បានឱ្យដឹងនៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃ២១ធ្នូ២០២២នេះថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឆន សំរិទ្ធ ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើដំណើរតាមម៉ូតូ នៅពេលធ្វើ ដំណើរមកដល់ចំណុចខាងលើត្រូវបានក្រុមជនសង្ស័យជិះម៉ូតូឆក់យកកាបូប ហើយបម្រុងជិះរត់គេចត្រូវបានបងប្អូនប្រជាពលរដ្ឋស្រែកផ្អើលឆោឡោឡើង និងបានសមត្ថកិច្ចប្រដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំយកមកអធិការដ្ឋាននគរបាលស្រុកទឹកផុស។

លោកអធិការបានឱ្យដឹងទៀតថា ជនសង្ស័យឆក់កាបូបប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់ ទី១ឈ្មោះ ឌុក ចាន់រឿន ភេទប្រុសអាយុ ២៣ឆ្នាំ និងទី២ ឈ្មោះ ហួ ចាន់រុង ភេទប្រុសអាយុ ១៧ឆ្នាំពួកគេទាំងពីរនាក់រស់នៅក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់និងដកបានកាបូបរបស់ជនរងគ្រោះនិងម៉ូតូរបស់ជនសង្ស័យទាំងពីរនាក់ដែលជិះធ្វើសកម្មភាពផងដែរ ។ ក្រោយការឃាត់ ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនបន្តទៅស្នងការនគរបាលខេត្តចាត់ការតាមនីតិវិធីផងដែរ ។

ចំណែកវត្ថុតាងគឺកាបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុសធ្វើកំណត់ហេតុប្រគល់ទៅឲ្យជនរងគ្រោះវិញរួចហើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖