ភ្នំពេញ ៖ បុរសម្នាក់បានរងរបួស បន្ទាប់ពីបេីករុឺម៉កសណ្ដោងដឹកនំបញ្ចុក ត្រូវបាននារីម្នាក់បេីករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកពេញទំហឹង បណ្ដាលឲ្យធ្លាក់រាយប៉ាយពេញផ្លូវ កាលពីវេលាម៉ោង១២និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចជាប់របងសាលាបឋមសិក្សាទួលគោក តាមបណ្ដោយផ្លូវ២៨៩ កែងនឹង ៥៦៦ ស្ថិតក្នុងសង្កាត់បង្កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AS-8186 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ៥៦៦ បានបត់ឆ្វេងដៃ ក៏ជ្រុលទៅបុកជាមួយនឹងរុឺម៉កដឹកនំបញ្ចុកបើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង ចំពីចំហៀងខាងមុខខាងឆ្វេង បណ្តាលឱ្យធ្លាក់នំបញ្ចុករាយប៉ាយពេញផ្លូវ ចំណែកអ្នកបើករុឺម៉ករងរបួសជើងម្ខាង ឯរុឺម៉កនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នារយៈពេលមួយសន្ធុះធំ ចុងក្រោយភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបានចេញសំណងទៅឱ្យភាគីខាងរុឺម៉កចំនួន ៤០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ