ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយទន្ទឹងរង់ចាំជាយូរ ភាពយន្ត “សំណើច652km” របស់ ចាន់ណា រ៉ូណាន ប្រកាសថ្ងៃចាក់បញ្ចាំងហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានទន្ទឹងរង់ចាំទស្សនាភាពយន្តថ្មីផលិតករ លោក ចាន់ណា រ៉ូណាន ។ រង់ចាំទស្សនាក៏ព្រោះតែកន្លងទៅស្នាដៃផលិតភាពយន្តរបស់ផលិតករល្បីឈ្មោះរូបនេះតែងតែផ្តល់ជូនអ្នកគាំទ្រនូវភាពយន្តដែលមានគុណភាពខ្ពស់ ទាំងសាច់រឿង បច្ចេកទេសនៃការផលិត ប្រកបដោយភាពសម្រិតសម្រាំង។ ក្រោយពីការខកខានបញ្ចេញស្នាដៃថ្មីជាច្រើនឆ្នាំ ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ ពេលនេះ លោកបានប្រកាសអំពីថ្ងៃចាក់បញ្ចាំងស្នាដៃថ្មីគឺរឿង“សំណើច652km”នៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក និងសិល្បករជាច្រើនដែលបានចូលរួមសម្តែងក្នុងភាពយន្តខាងលើ។ ការប្រកាសថ្ងៃចាក់បញ្ចាំងភាពយន្តកំប្លែងនេះក៏ស្របពេលដែលផលិតករផលិតកម្មក្រុងពិជ័យរូបនេះបានប្រកាសក្នុងការចេញថតភាពយន្តបែបភ័យរន្ធត់ រឿង”កុំងាកក្រោយ”វគ្គ២ក្នុងពេលដ៏ខ្លីខាងមុខ និងបានបញ្ជាក់ពីសញ្ញានៃការវិលរកការសម្តែង និងបញ្ចេញសាច់រឿងថ្មីក្រោយពីខកខានប៉ុន្មានឆ្នាំចុងក្រោយ។ 

  គួរបញ្ជាក់ផងដែរថា ភាពយន្តខ្នាតធំ រឿង”សំណើច៦៥២គីឡូម៉ែត្រ”ត្រូវបានចូលរួមសម្តែងដោយម្ចាស់ជ័យលាភីលើកពានស្រីស្រស់ប្រុសស្អាតFrishie  Boy & Girl ជាច្រើនរូបច្រើនជំនាន់រួមគ្នា។  

  តារាដែលនឹងបង្ហាញវត្តមានក្នុងភាពយន្តខ្នាតធំលើកដំបូងរបស់ផលិតកម្មនេះមានដូចជាអតីតFreshie Girl 2016 កញ្ញា សួង ស៊ីធឿន , Freshie Boy 2015  និងជាMr. World  Cambodia 2019 លោក អ៊ូ សំខាន់, Mr. Asian  International 2019 លោក ឡៅ បញ្ញា, Mister  Global 2018 លោក ឌី វ៉ាន់ដា, Freshie Boy  ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៨ លោក ប៊ុន កែវប្រាថ្នា និង Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ ២០១៨ លោក តុងលី។ ក្រៅពីនេះក៏នឹងមានវត្តមានសម្តែងដោយ តារាសម្តែងល្បីៗជាច្រើនទៀតផងដែរដូចជា លោក ភី ម៉ៃ ,តារាកំប្លែង ផាង ផាង , អ្នកនាងលី ម៉ារីណាជាដើម៕


ដោយ ៖ វឌ្ឍនា


ចែករំលែក៖