ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប នៅថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៣នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០និង២០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលំនៅឋានស្ថិតក្នុងភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖ ១-ឈ្មោះ ដួង ដេវីត ហៅ មីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(មានសារធាតុញៀននៅក្នុងខ្លួន) ។
២-ឈ្មោះ ជុំ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប(មានសារធាតុញៀននៅក្នុងខ្លួន)។
៣-ឈ្មោះ សំ កក្កដា ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(មានសារធាតុញៀននៅក្នុងខ្លួន) ។
សមត្ថកិច្ចស្រាវជ្រាវដកហូតវត្ថុតាងរួមមាន ៖ -ម្សៅមេតំហ្វេតាមីនចំនួន ១៦កញ្ចប់, -ទូរស័ព្ទដៃចំនួន ០១ គ្រឿង, -ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង, -ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ៕
ដោយ៖ សហការី