ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ ពិតជាគួរឱ្យសោកស្តាយបំផុត ពេលទទួលដំណឹងពីការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោតទឹកសាប!

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាគួរឱ្យសោកស្តាយបំផុត ពេលទទួលដំណឹងពីការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោតទឹកសាប! កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតដែលមានសុខភាពល្អមួយក្បាលទៀតបានស្លាប់អណ្តែតនៅតំបន់ក្បែរកោះ​ទ្រង់​ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។ នេះជាការលើកឡើង របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួង បរិស្ថាន នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ 

លោក នេត្រ ភក្ត្រា បន្តថា, ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ក្រោយពីបានរមួលខ្លួនជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។ 

សត្វ​ផ្សោត​ដែល​បានស្លាប់​នេះ​ជាសត្វផ្សោត​ញី​ពេញវ័យមាន​ប្រវែង ១៩៦ សង់ទីម៉ែត្រ​ អាយុ​ចន្លោះ​ពី ៧ ទៅ ១០ ឆ្នាំ និងមាន​ទម្ងន់​ប្រហែល៩៣ គីឡូក្រាម។ សត្វផ្សោតនេះជាសត្វផ្សោតដែលមានសុខភាពល្អទីបីហើយដែលបានស្លាប់ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលវាជាការប្រកាសអាសន្នមួយតម្រូវឲ្យមានវិធានការខ្លាំងក្លាឡើងសម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត។ សត្វផ្សោតសរុបចំនួន ១១ក្បាល ហើយបានស្លាប់នៅក្នុងឆ្នាំ ២០២២ នេះ (គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២) រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។

សត្វ​ផ្សោត ត្រូវបាន​ចាត់ទុកថា​ជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​របស់​ប្រទេស​កម្ពុជា ហើយ​ចំនួន​របស់​វា​មាន​ត្រឹមតែ​ប្រមាណ ៨៩ ក្បាល​ប៉ុណ្ណោះ​ដែល​រស់នៅក្នុង​ទន្លេមេគង្គ​ចាប់ពី​ខេត្តក្រចេះ​ដល់​ខេត្តស្ទឹងត្រែង​។ សត្វផ្សោតទឹកសាបទន្លេមេគង្គ គឺជាធនធានជីវៈចម្រុះមួយដែលស្ថិតក្នុងបញ្ជីនៃតម្លៃដ៏វិសេសវិសាលនៃតំបន់ដងទន្លេមេគង្គដែលក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថានកំពុងរៀបចំឯកសារដាក់ស្នើចូលក្នុងបញ្ជីត្រៀមសម្រាប់បេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ។

នាពេល​កន្លងមក​ក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ ខ្ញុំបានលើកឡើងថា យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ មិនមែន​ផ្តោត​តែ​លើ​អន្ទាក់​នៅលើ​ដី លើ​អាកាស​ទេ តែ​ក៏បាន​ផ្តោតលើ​អន្ទាក់​ក្នុង​ទឹក​ផងដែរ​។​ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចូលទៅ​តំបន់​ដែល​ហាមឃាត់ កន្លែង​អ​ភិរក្ស​សត្វ​ផ្សោត ពីព្រោះ​យើង​នៅសល់តែ​៨៩​ក្បាល​ទេ ប្រសិនបើ​វា​បន្ត​ស្លាប់ និង​មានកូន​កើត​មិនបាន​ច្រើន​នៅពេល​ណាមួយ​យើង​នឹង​បាត់បង់​វា​។ 

​ជា​រៀងរាល់ឆ្នាំ សត្វ​ផ្សោត​ជាច្រើន​ក្បាល​រកឃើញ​ងាប់​ដែល​ខ្លះ​ជាប់​មង​ប្រជា​នេសាទ និង​ខ្លះទៀត​អាចមកពី​ការ​ឆក់ ដូចនេះ​ត្រូវ​ចូលរួម​អភិរក្ស​សត្វ​ផ្សោត​កម្ពុជា និង​អភិរក្ស​ជីវចម្រុះ​ផ្សេងទៀត ដើម្បី​កម្ពុជា​រក្សាបាន​នូវ​តម្លៃ​ធម្មជាតិ​សកល​សម្រាប់​ការរៀបចំ​បញ្ជី តំបន់​អភិរក្ស​ទាំងនេះ​សម្រាប់​ស្នើ​ដាក់​ជា​បញ្ជី​ត្រៀម «​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​» របស់​អង្គការ​យូណេស្កូ​។

គួរបញ្ជាក់ថា រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវមានការផ្តោតការយកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។ ខ្ញុំសូមអរគុណចំពោះមន្ត្រីមានសមត្ថកិច្ចនិងអង្គការដែលធ្វើការងារផ្នែកអភិរក្សបាននិងកំពុងប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់អន្លង់សត្វផ្សោតរស់ នៅ។

#freshwaterdolphins #Nature #ផ្សោត #កម្ពុជាមាតុភូមិខ្ញុំ ៕

ដោយ ៖ សហការី


ចែករំលែក៖