ខេត្តកំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះគ្រប់ប្រភេទមានម៉ូតូ កង់ ឬរថយន្ត ត្រូវបើកបរលើដងផ្លូវសាធារណៈអោយមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ចរាចរណ៍អោយស្ថិតនៅក្នុងអត្រាគ្រោះថ្នាក់ចរាចរណ៍មានការធ្លាក់ចុះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីមុនសម្តេចធ្លាប់ប្រកាសឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍ចាប់ផាកពិន័យ តែពេលនេះសម្តេចសូមអំពាវនាវ «ឱ្យខ្លាចការបាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃ…[]..»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា គ្រោះថ្នាក់ចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ នេះចំណុចគួរឱ្យសោកស្តាយ ដែលមានអ្នករងគ្រោះបង្កឱ្យពិការកាយសម្បទា ឬស្លាប់ ដោយសារធ្វេសប្រហែសក្នុងការបើកបរមិនគោរពច្បាប់ចរាចរណ៍។ សម្តេចតេជោ ថ្លែងបញ្ជាក់ថា សូមម្ចាស់យានយន្តគ្រប់ប្រភេទទាំងអស់ សូមកុំខ្លាចប៉ូលីសចរាចរណ៍ ត្រូវខ្លាចពិការ ឬស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នេះទើបបានត្រឹមត្រូវ ពីព្រោះប៉ូលីសពិន័យ ឬចាប់អ្នកដែលល្មើសច្បាប់ចរាចរណ៍តែប៉ុណ្ណោះ បើម្ចាស់យានជំនិះទាំងអស់ បើកបរដោយគោរពច្បាប់ចរាចរណ៍ នាំមកនូវសុខសុវត្ថិភាពតាមផ្លូវសាធារណៈទាំងអស់គ្នា ។
សូមបញ្ជាក់ថា, បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានកើតមានជារាល់ថ្ងៃនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលគេចាត់ទុកថាឃាតករដងផ្លូវ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិតរបស់អ្នក ក្រុមគ្រួសារ និងអ្នកដទៃ “ថ្ងៃនេះគ្មានគ្រោះថ្នាក់ចរាចរណ៍” ជាពាក្យស្លោកដែលយើងទាំងអស់គ្នា គួរចងចាំ ប្រុងប្រយ័ត្ន បើកបរជាមួយកត្តាយោគយល់គ្នា ទើបកាត់បន្ថយបានករណីគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ ៖ សហការី