ខេត្តពោធិ៍សាត់ ៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត លោក ខូយ រីដា មានប្រសាសន៍ថា កម្លាំងជួរមុខតាមខ្សែបន្ទាត់ព្រំដែនបើគ្មានបេះដូង គ្មានមនសិការជាតិ គឺមិនអាចឈរជើងមកដល់ពេលនេះបានទេ ព្រោះពីមុនប្រឈមនឹងគ្រាប់មីនកប់ក្នុងដី ជំងឺគ្រុនចាញ់ ខ្វះស្បៀង ផ្លូវឆ្ងាយលំបាកធ្វើដំណើរ ហើយភូមិសាស្ត្រមានភាពស្មុគស្មាញជាទីបំផុត។
លោកខូយ រីដាមានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំប្រតិភូខេត្តចុះទៅជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងអាហារផ្ដល់ជូនកងទ័ពនៅសមរភូមិមុខចំនួន០៤អង្គភាពដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែននៅឃុំថ្មដា ស្រុកវាលវែង កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២២ ទី១កងអនុសេនាធំលេខ១នៅចំណុចស្ទឹងកាច់, ទី២កងការពារព្រំដែនលេខ៥០១, ទី៣វរសេនាតូចលេខ១របស់តំបន់ប្រតិបត្តិការសឹករងខេត្ត និងទី៤វរសេនាតូចនគរបាលការពារព្រំដែនលេខ៨២៥។
លោក ខូយ រីដា មានប្រសាសន៍ថា ការចុះមកសួរសុខទុក្ខនិងនាំយកស្បៀងមកផ្ដល់ជូនកងកម្លាំងជួរមុខនេះ គឺមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលក្នុងការផ្សារភ្ជាប់សមរភូមិក្រោយជាមួយសមរភូមិមុខ ដែលរូបលោកផ្ទាល់បានគិតរួចជាស្រេចហើយថា ពេលដែលរូបលោកឡើងកាន់តំណែងជាអភិបាលខេត្តនេះ អាទិភាពទី១គឺត្រូវចុះជួបជាមួយកងកម្លាំងប្រដាប់អាវុធតាមខ្សែបន្ទាត់ព្រំដែន និងអង្គភាពផ្សេងៗទៀតដែលនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដើម្បីជាការផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត ដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមកអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា។ កម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ចាត់ទុកជាវីរបុរសការពារបូរណភាពទឹកដី ការពារសុខសន្តិភាពជូនជាតិមាតុភូមិនិងប្រជាជន បើគ្មានកងកម្លាំងឈរជើងនៅទីនេះទេ បូរណភាពទឹកដីរបស់យើងនឹងមានការប្រែប្រួលជាមិនខាន ដោយសារមហិច្ឆតាឈ្លានពានរបស់ប្រទេសជិតខាង។ លោក មានប្រសាសន៍ថា ដោយសារសង្គ្រាមធ្វើឱ្យបាត់បង់អាយុជីវិតកងទ័ព ជីវិតប្រជាជន បាត់បង់ថវិកាជាតិ ហើយបន្សល់ទុក្ខនូវជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់។ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គឺបានធ្វើឱ្យកងទ័ពនិងប្រជាជនដែលនៅសេសសល់បានរួចផុតពីសេចក្ដីស្លាប់ ប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។ ទោះបីសង្គ្រាមបានបញ្ចប់ក៍ពិតមែន តែយើងត្រូវតែការពារទឹកដីរបស់យើងគ្រប់កាលៈទេសៈ មិនអាចធ្វេសប្រហែសបានឡើយ។ កងកម្លាំងប្រដាប់អាវុធមិនត្រឹមតែមានតួនាទីប្រយុទ្ធគ្នាដោយចុងកាណុងជាមួយសត្រូវឈ្លានពានទឹកដីនោះទេ ប៉ុន្តែបានដើរតួដ៏សំខាន់ក្នុងការជួយសង្គ្រោះនិងអន្តរាគមន៍ ពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង និងបានជួយការងារសង្គមដល់ប្រជាពលរដ្ឋផងដែរ។ ក្នុងនាមគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ដើម្បីជាការដឹងគុណ ការលើកទឹកចិត្ត ការផ្ដល់កម្លាំងចិត្តដល់កងកម្លាំងជួរមុខទាំងអស់នៅក្នុងឃុំថ្មដា ស្រុកវាលវែងនេះ លោក នឹងធ្វើផែនការជាក់លាក់ក្នុងមួយឆ្នាំមកសួរសុខទុក្ខកងទ័ពឱ្យបានពីរឬបីដង ដោយកៀរគរសប្បុរសជនមកជួយឧបត្ថម្ភផងដែរ។
ចំពោះគ្រួសារកងទ័ពដែលគ្មានដីរស់នៅពិតប្រាកដ លោកនឹងដោះស្រាយជូនទៅតាមការជាក់ស្ដែង ហើយមេបញ្ជាការត្រូវសម្រិតសម្រាំងឱ្យបានច្បាស់លាស់អំពីបញ្ហានេះនិងពិនិត្យឃើញថា តាមមូលដ្ឋានកងទ័ពនីមួយៗ មានការរៀបចំបានល្អ ទាំងទីកន្លែង សម្លៀកបំពាក់ ទឹកមុខ និងសាច់ឈាមស្រស់ថ្លាដែលបញ្ជាក់ថា ពួកយើងមានជីវភាពរស់នៅសមរម្យ និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ សូមឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ថែរក្សាសុខភាព សាមគ្គីភាពរឹងមាំ ការពារឱ្យបានសុខសន្តិភាព បូរណភាពដែនដី មានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយប្រទេសថៃ ដើម្បីជំរុញការបើកច្រកសេដ្ឋកិច្ចពិសេសរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា សម្ភារដែលនាំយកទៅផ្ដល់ជូនកងកម្លាំងជួរមុខទាំងបួនអង្គភាពនៅឃុំថ្មដាស្រុកវាលវែងនេះមាន អង្ករ មី ទឹកត្រី ទឹកស៊ីអុីវ ត្រីងៀត ប្រហុក អាវរងា ភេសជ្ជៈ និងថវិកាមួយចំនួនទៀត ៕
ដោយ ៖ ប៉ឹម ពិន