អាជ្ញាធរស៊ែប៊ីបាននិយាយថា នៅថ្ងៃទី២៥ ខែធ្នូ មានមនុស្ស៥១នាក់ត្រូវបានពុលបន្ទាប់ពីរថភ្លើងដឹកសារធាតុអាម៉ូនីញ៉ាក់(amoniac)បានធ្លាក់កង់ចេញពីផ្លូវក្រឡាប់នៅភាគអាគ្នេយ៍នៃប្រទេសនេះ ហើយបានលេចធ្លាយឧស្ម័នពុលចូលទៅក្នុងបរិស្ថាន។
លោក Vladan Vasic អភិបាលក្រុង Pirot ជាកន្លែងដែលមានឧប្បត្តិហេតុកើតឡើងបាននិយាយថា ការលេចធ្លាយសារធាតុ អាម៉ូនីញ៉ាក់បានបណ្តាលឱ្យ មនុស្ស៥១នាក់ពុលសារធាតុនេះ។ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្ស៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Nis ដែលជាទីក្រុងធំបំផុតនៅភាគខាងត្បូងប្រទេសស៊ែប៊ី។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃស៊ែប៊ី បាននិយាយថា រថភ្លើងបានក្រឡាប់នៅពេលល្ងាចដោយលេចធ្លាយឧស្ម័នអាម៉ូនីញ៉ាក់ និងបញ្ចេញឧស្ម័នពុលយ៉ាងច្រើនទៅលើអាកាស។ អាជ្ញាធរមូលដ្ឋានបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅតំបន់រងគ្រោះ ហើយបានជំរុញប្រជាជនឱ្យនៅក្នុងផ្ទះ និងចៀសវាងការចេញក្រៅ។
រថភ្លើងមាន២០ទូ មានបញ្ហាពេលដឹកជញ្ជូនសារធាតុពុលពីប្រទេសប៊ុលហ្គារីដែលនៅជិតខាង ទៅកាន់ប្រទេសស៊ែប៊ី៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN