ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រកាន់ស្ដាំទៅបុកម៉ូតូមួយគ្រឿងនៅខាងមុខបណ្ដាលឱ្យស្លាប់បីនាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

   ខេត្តកណ្ដាល ៖ យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿនបណ្ដាលឲ្យរេចង្កូតចូលទៅឆ្វេងក្នុងចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលបើកទិសដៅផ្ទុយគ្នាពេញមួយទំហឹងបណ្ដាលឱ្យស្លាប់បីនាក់របួសធ្ងន់ម្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ២០និង០៥នាទី នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ៣៨-៣៩ ចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ម៉ូតូបង្កហេតុម៉ាកHONDA CBR ពណ៌ស មានផ្លាកលេខភ្នំពេញ1FG-OO81 អ្នកបើកបរមានឈ្មោះ ម៉ាន វង្សា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AJ-6175 អ្នកបើកបរឈ្មោះ ទូច ណុំ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស (ស្លាប់) រួមដំណើរដដោយឈ្មោះ មុត វន្នី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាប្រពន្ធ (របួសធ្ងន់) និងម្នាក់ទៀតឈ្មោះ នី សុវណ្ណកញ្ជា ភេទស្រី អាយុ១ឆ្នាំត្រូវជាកូន (ស្លាប់) ។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក HONDA CBR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FG-OO81 បើកបរដោយឈ្មោះ ម៉ាន វង្សា ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AJ-6175 អ្នកបើកបរឈ្មោះ ទូច ណុំ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឱ្យភាគីម៉ូតូទាងសងខាងស្លាប់បាត់បង់ជីវិត៣នាក់ រីឯស្ត្រីឈ្មោះមុត វន្នី រងរបួសធ្ងន់។ 

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកស្ត្រីរងគ្រោះបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ការសន្និដ្ឋាន ករណីនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះ ម៉ាន វង្សា បើកធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បើករំលោភចូលចំណែកផ្លូវនៃយានយន្តមកពីទិសដៅផ្ទុយ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖