ព័ត៌មានទាន់ហេតុការណ៍៖

ការស្ទង់មតិ ៖ កូនស្រីរបស់លោកថាក់ស៊ីនលេចធ្លោជាងគេសម្រាប់តំណែងនាយករដ្ឋមន្ត្រី

ចែករំលែក៖

តាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិអភិវឌ្ឍន៍របស់ប្រទេសថៃបានប្រកាសឱ្យដឹងថា លោកស្រី Paetongtarn “Ung-ing” Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែជាជម្រើសកំពូលសម្រាប់នាយករដ្ឋមន្ត្រីថៃក្នុងការបោះឆ្នោតនាឆ្នាំ២០២៣។

យោងតាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយថា ការស្ទង់មតិនេះត្រូវបានធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី ២២ ខែធ្នូ តាមរយៈការសម្ភាសន៍តាមទូរស័ព្ទជាមួយមនុស្ស ២០០០ នាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមកពីកម្រិតអប់រំ មុខរបរ និងប្រាក់ចំណូលផ្សេងៗនៅទូទាំងប្រទេស។ ការស្ទង់មតិនេះមានគោលបំណងវាស់ស្ទង់កម្រិតគាំទ្ររបស់បេក្ខជនដែលមានសក្តានុពលសម្រាប់នាយករដ្ឋមន្ត្រី និងគណបក្សនយោបាយនៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។
កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ទទួលបានសំឡេងគាំទ្រ ៣៤% នាំមុខលើនាយករដ្ឋមន្ត្រីកំពុងកាន់អំណាច ប្រាយុទ្ធ ចាន់អូចា ដែលមានសំឡេងគាំទ្រតែ ១៤.០៥% និងលោកស្រី ភីតា លីមចារ៉ុនរ៉ាត់ មេដឹកនាំគណបក្សរីកចម្រើន ១៣.២៥% ។
ចំនួនការគាំទ្របច្ចុប្បន្នសម្រាប់លោកស្រី Paetongtarn Shinawatra បានកើនឡើងពី ២២% នៅក្នុងការស្ទង់មតិប្រចាំត្រីមាសដែលបានធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំ២០២២។
អ្នកបោះឆ្នោតខ្លះបាននិយាយថា ពួកគេចូលចិត្តរបៀបវារៈ និងកំណត់ត្រាពីមុនរបស់គណបក្សភឿថៃ ខណៈដែលអ្នកផ្សេងទៀតគាំទ្រគំនិតរបស់មេដឹកនាំជំនាន់ថ្មី។ គណបក្សភឿថៃបានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់ខ្លួនក្នុងខែនេះ ក្នុងគោលបំណងដើម្បីគ្រប់គ្រងរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតបន្ទាប់។ គណបក្សភឿថៃបានសន្យាថានឹងដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន 70% នៅចុងបញ្ចប់នៃអាណត្តិរយៈពេល៤ឆ្នាំ និងជំរុញកំណើនសេដ្ឋកិច្ចជាមធ្យម ៥% ជារៀងរាល់ឆ្នាំ ប្រសិនបើខ្លួនឡើងកាន់អំណាច។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ ផលិតផលក្នុងស្រុកសរុប (GDP) នៅខែកក្កដា ដល់ខែកញ្ញា បានកើនឡើង 4.5 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការកើនឡើងនៃវិស័យទេសចរណ៍ និងការប្រើប្រាស់ផ្ទាល់ខ្លួនកើនឡើង៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ Bangkok Post)


ចែករំលែក៖