ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយបុកស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់នឹងកន្លែងនិងប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ដោយករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ខណៈជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងថ្ងៃរសៀល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២២ស្ថិតលើផ្លូវជាតិលេខ ១៣(ចន្លោះគីឡូម៉ែត្រ១៧-១៨)នៅត្រង់ចំណុចភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ញិល សារុន អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ១GT.៣៤៩០ រងការខូចខាតទាំងស្រុង។

ចំណែកប្ដីប្រពន្ធដែលរងរបួសមានឈ្មោះ សាញ់ ចន្ថា អាយុ៣៧ឆ្នាំ មុខរបរកសិករ និងឈ្មោះយិន កញ្ញា អាយុ៣១ រស់នៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង១H.៦៧៤២។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ១GT.៣៤៩០ ដោយធ្វើដំណើរពីត្បូងមកជើងហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង១H.៦៧៤២ ជិះគ្នា២នាក់មកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងថ្ងៃរសៀល។

ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជ្រុងពពេលដោះស្រាយតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖