ខេត្តរតនគិរី ៖ «បើគិតចាប់តាំងពីថ្ងៃចាប់កំណើតរបស់ ស.ស.យ.ក. នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ មកដល់បច្ចុប្បន្ននេះ ស.ស.យ.ក. យើងគឺជាកម្លាំងយុវជនរួមគ្នា ក្នុងកិច្ចការមហាជន ចូលរួមកិច្ចការងារសង្គម និងមនុស្សធម៌ ដើម្បីជាតិមាតុភូមិ និងប្រជាជន។ បេសកកម្មដែលយើងបាន និងកំពុងបន្ត ធ្វើថ្ងៃនេះ ក្នុងក្តីសង្ឃឹមថា នឹងមានលទ្ធផលជាផ្លែផ្កា និងជាវិជ្ជមានទៅអនាគត និងអ្នកជំនាន់ក្រោយ។» នេះគឺជាប្រសាសន៍សំណេះសំណាលរបស់ លោក ហ៊ុន ម៉ានីប្រធានស.ស.យ.ក. ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរី និងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរី កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២។
លោក ហ៊ុនម៉ានី បានរំលេចថា មានសំណួរជាច្រើនដែលតែងតែសួរថា តើអ្វីដែលជាមោទកភាពរបស់ លោក ចំពោះ ស.ស.យ.ក.? លោកបានមានប្រសាសន៍ថា មោទកភាពដ៏ធំបំផុតរបស់លោក ជាមួយស.ស.យ.ក. ជាពិសេស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គឺការរីកលូតលាស់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស ។ ហើយអ្វីដែលជាមោទកភាពរបស់ លោកដែលធំធេងជាងនេះទៀតនោះ គឺការទទួលស្គាល់ និងជំនឿទុកចិត្ត របស់បងប្អូនមហាជន និងប្រជាជនទូទាំងប្រទេស នូវសកម្មភាពដើម្បីប្រទេសជាតិ និងប្រជាជន និងវប្បធម៌នៃការកសាងអំពើល្អរបស់យើង ៕
ដោយ ៖ សិលា