ខេត្តក្រចេះ ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅល្ងាចថ្ងៃចន្ទទី២៦ ខែធ្នូ ឆ្នាំ២០២២នេះថា៖ មន្ទីរបរិស្ថានខេត្តក្រចេះ បានសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខមកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថានដើម្បីធ្វើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ប៉ុន្តែការពិតជនទាំងអស់នេះបានធ្វើការអុកឡុក បំពុលសង្គមដោយយកឈ្មោះបរិស្ថានជាគោល ក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។ ជាក់ស្ដែងថ្មីៗនេះយោងតាម បណ្ដាញសង្គមសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការបង្ហោះពីករណីមានបុគ្គល ម្នាក់អះអាង ថាខ្លួនជាមន្ត្រីបរិស្ថាន ជាអ្នកជំនាញទប់ស្កាត់បទល្មើស ធនធានធម្មជាតិ មកធ្វើការឃាត់ ម៉ូតូរ៉ឺម៉ក ដឹក និងតុបន្តិចបន្តួចរបស់ប្រជាពលរដ្ឋលក់ដូរចិញ្ចឹមក្រពះ ដើម្បីជម្រិតទារប្រាក់គាត់ ដែលប្រព្រឹត្តទៅនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ការក្លែងបន្លំជាមន្ត្រីបរិស្ថានមកប្រើប្រាស់ នេះវាជាមធ្យោបាយមួយដើម្បីដើរជម្រិតទារប្រាក់ប្រជាពលរដ្ឋ។ មន្ទីរបរិស្ថានបាននិងកំពុងស្រាវជ្រាវអត្តសញ្ញាណជនខិលខូចនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ហើយប្រសិនបើសាធារណជនស្គាល់អត្តសញ្ញាណ សូមជួយផ្តល់ជូនសមត្ថកិច្ច៕
ដោយ៖សហការី