ភ្នំពេញ ៖ រថយន្តម៉ាស្តាមួយគ្រឿងបេីកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណេីរជាមួយក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ខ្ទាតចេញពីជួរ រីឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ ម៉ែត្រដាច់ក្រឡេកង់ខាងមុខខាងឆ្វេងទៅលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅខាងលិចស្តុបចេនឡា តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត(២១៧)ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសនារីពីរនាក់ បើករថយន្តម៉ាក ម៉ាស្តាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BR-4482 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបាំងថ្មមួយកង់ខ្ទាតមកកណ្ដាលផ្លូវរងការខូចខាត ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ ម៉ែត្រដាច់ក្រឡេកង់ខាងមុខខាងឆ្វេងម្ខាងទៅលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ