ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៣ឆ្នាំចុងក្រោយនេះសត្វផ្សោតសរុប ២៩ ក្បាលបានងាប់ហើយក្នុងឆ្នាំ២០២២ សត្វផ្សោត១១ ក្បាលបានងាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជល ផលខេត្តក្រចេះបានសំដែងនូវការសោកស្ដាយចំពោះការងាប់ជាបន្តបន្ទាប់សត្វផ្សោតសិក្សានៅខេត្តក្រចេះ។ដោយសារតែការនេសាទរបស់ប្រជាពលរដ្ឋទើបឲ្យសត្វផ្សោតត្រូវជាប់មងនិងងាប់នពេលកន្លងមក។

បើតាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថាគិតមក ដល់ចុងឆ្នាំ២០២២នេះ សត្វផ្សោតសរុប ១១  ក្បាលបានងាប់ រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។គឺជាតួលេខដែលគួរឲ្យព្រួយបារម្ភ។

ករណីចុងក្រោយមួយបានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២២ ដោយសត្វផ្សោតដែលមានសុខភាព ល្អមួយក្បាលទៀត​បានងាប់អណ្តែត​នៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ប៉ែកខាង ក្រោមតំបន់អន្លង់កាំពី ស្រុកសំបូរ ខេត្តក្រចេះ។

បើយោងតាមរបាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា ​ក្រោយការពិនិត្យ សាកសព​សត្វផ្សោត​យ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជល ផល​ ខេត្តក្រចេះ និង​អង្គការ WWF បានសន្និដ្ឋានជា បឋមថា សត្វផ្សោតមួយក្បាលនេះ បានងាប់​ក្រោយ​ពី​បាន​រមួល​ខ្លួន​ជាប់​នឹង​សន្ទូច​រនង​ ដោយ​ក្រុមស្រាវជ្រាវបានរកឃើញស្នាម​ សន្ទូចរនង​ជាច្រើនពេញដងខ្លួន និង​កន្ទុយរបស់វា។ សត្វផ្សោតដែលបានងាប់នេះ ​ជាសត្វផ្សោតញីពេញវ័យមានប្រវែង ​១៩៦ សង់ទីម៉ែត្រ​ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ ​និងមានទម្ងន់ប្រហែល៩៣ គីឡូក្រាម។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា ការកើនឡើង​នៃ​សកម្មភាព​នេសាទ​ខុសច្បាប់​នៅក្នុងតំបន់​អភិរក្ស​សត្វផ្សោត​នាពេលថ្មីៗនេះ នឹង​បណ្តាល​ឱ្យសត្វផ្សោត​ទន្លេ​មេគង្គឈានទៅផុតពូជ ​ប្រសិនបើគ្មានវិធានការ​បន្ទាន់ ដើម្បីបញ្ឈប់សកម្មភាព​ខុសច្បាប់​ទាំង​នេះទេ ។

លោក បន្ដថា ដើម្បីបញ្ឈប់សកម្មភាពទាំងនេះមន្រ្តី ឆ្មាំទន្លេ ​និងមន្រ្តីអនុវត្តន៍ច្បាប់ ​ពាក់ព័ន្ធទាំងអស់ ត្រូវមាន​វត្តមានរយះពេល២៤ម៉ោង ក្នុង១ថ្ងៃ ​ក្នុងមួយសប្តាហ៍នីមួយៗ ដោយទៀងទាត់ ដោយ​ចុះល្បាត​ទាំងថ្ងៃទាំងយប់ ​នៅក្នុងតំបន់សត្វផ្សោត ព្រោះថាមិនដល់១០ថ្ងៃផង សត្វផ្សោតវ័យ​បន្តពូជ​ចំនួន ៣ក្បាល បានងាប់ជាបន្តបន្ទាប់។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ​បានបញ្ជាក់ថា ​ដោយរយៈកាល កន្លងមកថ្មីៗ​នេះសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ មានការងាប់ជាបន្តបន្ទាប់ដោយសារ​ ការជាប់មង ដោយ​សាររងនូវការឆក់ត្រីក៏ដូចជាបញ្ហាផ្សេងៗទៀត​ ក្នុងនាមខណ្ឌរដ្ឋបាលជលផល ​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ​និងក្នុងនាមលោកផ្ទាល់​ជានាយខណ្ឌ សូមសំណូមពរ​ដល់​ប្រជាពលរដ្ឋទាំងអស់ ​ជាពិសេសប្រជាពលរដ្ឋជាអ្នកនេសាទ ធ្វើយ៉ាងណាកុំប្រើប្រាស់​ឧបករណ៍​នេសាទខុសច្បាស់ ដែលអនុក្រិត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការ​ហាមឃាត់​នោះ រួមមាន៖ ឧបករណ៍ ឆក់ត្រី មងក្រឡាធំ ឧបករណ៍សន្ទូចរនង​ ដែលជាហេតុបង្កឱ្យគ្រោះថ្នាក់ ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ ៕

ដោយ៖ សូរិយា


ចែករំលែក៖