ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់បើករថយន្តរេចង្កូត បុករះថូផ្កា និងម៉ូតូពីរគ្រឿង បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ ចំណែកឯតៃកុងរថយន្តបានស្លាប់សង្ស័យគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បានស្លាប់នៅក្នុងរថយន្ត សង្ស័យគាំងបេះដូង បន្ទាប់ពីបើករថយន្តរេចង្កូតទៅបុករះថូផ្កាមុខផ្ទះប្រជាពលរដ្ឋបែកជាច្រើន និងម៉ូតូពីរគ្រឿងបណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១៩ និង ៣០ នាទីថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២២ នៅជាប់របងសាលារៀន ក្លូប៊ល តាមបណ្ដោយផ្លូវបេតុងលេខ៦០ក ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ក្រុមទី៧ ភូមិតាងួន ស្ថិតក្នុងសង្កាត់ការទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្ត នីសាន់ មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2 BG-1769 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុករះថូផ្កាមុខផ្ទះប្រជាពលរដ្ឋបែកអស់ជាច្រើន និងម៉ូតូពីរគ្រឿង មួយគ្រឿងមិនចាំម៉ាកជិះដោយប្រុសស្រីពីរនាក់ និងមួយគ្រឿងទៀតម៉ាកហុងឌ្រីមC-125 ស៊េរីឆ្នាំ ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 FN-2588 ជិះដោយនារីម្នាក់ដោយម៉ូតូទាំងពីគ្រឿងជិះបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត បណ្ដាលឲ្យនារីជិះម៉ូតូម្នាក់ឯងរងរបួសធ្ងន់ចំណែកម៉ូតូមួយគ្រឿងទៀតជិះដោយប្រុសស្រីពីរនាក់រងរបួសស្រាលហើយក៏បានលើកម៉ូតូជិះបន្តដំណើរចេញពីកន្លែងកើតហេតុបាត់។ភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ចំណែកតៃកុងរថយន្តបានដេកស្លាប់នៅក្នុងរថយន្តដោយសង្ស័យគាំងបេះដូង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ធ្វើការវាស់វែង  រួចទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើកោសល្យវិច័យដើម្បីងាយស្រួលប្រគល់សពជូនទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖