ព័ត៌មានទាន់ហេតុការណ៍៖

ទើបទិញម៉ូតូថ្មីយកទៅកឹបស្លាកលេខត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈបើកម៉ូតូចេញពីកឹបស្លាកលេខរួចត្រឡប់មកផ្ទះវិញ ធ្លាក់ជង្ហុកបណ្តាលឲ្យដួលត្រូវរថយន្តមិនចាំម៉ាកជាន់ហ្រ្វ័ងមិនទាន់ កិនពីលើ ចំណែករថយន្តបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ជិត៧យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ប៉ែន រីណា អាយុ៣៤ ឆ្នាំ ស្រុកកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1JW-1231 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ បានជិះធ្លាក់ជង្ហុកបណ្តាលឲ្យដួល ស្រាប់តែមានរថយន្ត មិនចាំម៉ាកបើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងយ៉ាងលឿនជាន់ហ្រ្វ័ងមិនទាន់ ជ្រុលទៅកិនពីលើបុរសរងគ្រោះចំក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែករថយន្តបង្កបន្តល្បឿន បើករត់ទៅមុខគេចខ្លួនបាត់ស្រមោល។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកពិនិត្យ យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖