ខេត្តបាត់ដំបង៖ បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
របាយការណ៍ដដែលបន្តថា ការឃាត់ខ្លួននេះបានធ្វេីឡេីងនៅថ្ងៃទី២៦ ខែធ្នូម្សិលមិញនេះ ស្ថិតនៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ៥៤៤ តព្រ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ចេញដោយលោក ឆៃ វីរ: ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ហូ ភន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣១៨ ក្រុមទី០៩ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ដោយ៖សហការី