ភ្នំពេញ៖ មានរយៈពេល៤ ថ្ងៃហើយ ដែលគ្រឿងចក្រ និង ជំនាញ បច្ចេកទេស បាន ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្ស ក្រោយពី ពិធីបើកការដ្ឋានបានប្រារព្ធឡើង រួចក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។ មន្ត្រី បច្ចេកទេស ក៏បាន ចុះសិក្សាជាបន្តបន្ទាប់ នៅលើ តម្រាយផ្លូវទាំងនោះ ទើបតែប៉ុន្មានថ្ងៃនេះគ្រឿងចក្រខួងផ្លូវធំៗបានចូលដំណើរការ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី២៨ ខែធ្នូនេះថា នៅដើមឆ្នាំ២០២៣ ប៉ុន្មានថ្ងៃខាងមុខទៀតនេះ គ្រឿងចក្រជាច្រើន នឹងចូលដល់ ការដ្ឋានបន្ថែមទៀត។
ការសាងសង់ស្ពានអាកាស ព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែល មានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែ ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ស្ពាន អាកាសនេះ សាងសង់ស្ថិតនៅ ចំណុច ប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និង ខណ្ឌមានជ័យ ។ ស្ពានអាកាសនេះ សាងសង់ដោយ ក្រុមហ៊ុន វិនិយោគទុន អាណិកជន កម្ពុជាOCIC គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។
គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និង ផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្សមហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះ ទៅ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នាទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញ ក៏បានតៀមដំណើរការការដ្ឋានសាងសង់ ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយ មហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបាន សាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ និងស្ពានអាកាសរង្វង់មូលចោមចៅ។
ក្រៅពីនេះ ស្ពានអាកាសមួយទៀត គឺស្ពានអាកាសលើផ្លូវជាតិលេខ៥បាននឹងកំពុងដំណើរ ការ សាងសង់ តាំងពីខែមករា ឆ្នាំ២០២២ ៕
ដោយ ៖ សំរិត