ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ Ford​ Ranger បត់ឆ្លងផ្លូវបុកម៉ូតូហុងដាឌ្រីម​ បណ្ដាលឱ្យយុវជនម្នាក់រងរបួស​ រួចបញ្ចប់រឿង៣០០ដុល្លារ

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តម៉ាក​ Ford Ranger បត់ឆ្លងផ្លូវទៅបុកយុវជនម្នាក់កំពុងជិះម៉ូតូហុងដាឌ្រីម​ បណ្ដាលឱ្យដួលរងរបួស​ ឯម៉ូតូគាបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម​ កែងផ្លូវ៤៦២​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ នៅពេលកេីតហេតុ យុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1JQ-4209 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តស៊េរីទំនេីប​ម៉ាក​ Ford Ranger ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BA-9692 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ទិសដៅពីត្បូងមកជេីង​ រួចបត់ឆ្វេងមកផ្លូវ៤៦២​ ក៏បុកម៉ូតូហុងដាឌ្រីម​ ពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យយុវជនម្នាក់ម្ចាស់ម៉ូតូរបួសត្រង់ក្បាលតិចតួច​ រីឯម៉ូតូគាបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានសម្រួលដល់ភាគីទាំងពីរឱ្យចចារគ្នាមួយជំហាន​ ។ បន្ទាប់មកភាគីទាំងសងខាងបានព្រមព្រៀងគ្នា​ ដោយតៃកុងរថយន្តFord Ranger ព្រមសងថ្លៃខូចខាតម៉ូតូ​ និងថ្លៃរបួសទៅលេីម្ចាស់ម៉ូតូចំនួន៣០០ដុល្លារ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖