ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា ក្នុងរយៈប៉ុន្មានថ្ងៃចុងឆ្នាំ២០២២នេះ រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលទៅលើប្រទេសអ៊ុយក្រែន ដែលជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះសង្គ្រាមនៅខែកម្ភៈមក ។
ក្នុងពេលនេះដែរពលរដ្ឋក្នុងរដ្ឋធានីកៀវ របស់អ៊ុយក្រែនត្រូវបានណែនាំឱ្យរត់រកកន្លែងមានសុវត្ថិភាព នៅព្រឹកថ្ងៃ៣០ខែធ្នូនេះ ខណៈដែលសំឡេងស៊ីរ៉ែនបានបន្លឺពេញរដ្ឋធានី មួយថ្ងៃបន្ទាប់ពីរុស្ស៊ីបើកការវាយលុកពីលើអាកាសដ៏ធំបំផុត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។ចាប់តាំងពីម៉ោង២រំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) អភិបាលក្រុងកៀវ បានចេញការជូនដំណឹងតាមបណ្តាញ Telegram អំពីការវាយប្រហារតាមដែនអាកាស ហើយបានអំពាវនាវឱ្យអ្នកស្រុកស្នាក់នៅមួយកន្លែង។ លោក អូឡេកស្គី គូឡេបា (Olekskiy Kuleba) អភិបាលក្រុងកៀវ បានបញ្ជាក់ថា «ការវាយប្រហារដោយយន្តហោះដ្រូនកំពុងធ្វើឡើង»។
បើតាមសាក្សីបានបញ្ជាក់ថា នៅចម្ងាយ២០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងកៀវ គាត់បានឮការផ្ទុះជាច្រើនលើក និងសំឡេងនៃការបាញ់ទម្លាក់យន្តហោះ។
រីឯក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងថា អគារលំនៅឋានជាង ១៨ទីតាំង និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ១០ត្រូវបានបំផ្លាញក្នុងការវាយប្រហារថ្មីចុងក្រោយនេះ។
សំឡេងប្រកាសអាសន្នអំពីការវាយប្រហារតាមផ្លូវអាកាសក៏ត្រូវបានបន្លឺឡើងនៅទូទាំងអ៊ុយក្រែនផងដែរ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលដែលកងកម្លាំងរុស្ស៉ីបើកការវាយប្រហារដោយមីស៉ីលជាង១០០គ្រាប់ទៀត។ ការបាញ់ស្រោចមីស៉ីលថ្មីចុងក្រោយនេះកើតមានឡើងបន្ទាប់ពីវិមានក្រឹមឡាំងបានច្រានចោលផែនការសន្តិភាព១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលមានគោលដៅកំណត់ឱ្យរុស្ស៉ីគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយដកទ័ពចេញទៅវិញទាំងអស់។
កាលពីថ្ងៃពុធ ទីក្រុងមូស្គូប្រកាសទាត់ចោលផែនការនេះ ដោយទទូចឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ចំនួន៤ គឺដូណេត និងលូហាន នៅភាគខាងកើត ព្រមទាំងខឺសុននិងហ្សាប៉ូរិចហ្ស៉ីយ៉ា នៅភាគខាងត្បូងដែលរុស្ស៉ីបានកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន៕
ដោយ៖ ធីរីណា(រូបថត៖ baotintuc.vn)