ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំ សិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា នៅក្នុង “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖
ទី១ – ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផល នូវទស្សនាទាន “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ដោយត្រូវធានាផ្តល់សេវាអប់រំ ដែលមានភាពធន់ រស់រវើក និងភាពឆ្លើយតប
ទី២ – ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តអនុវត្ត និងគាំទ្រដល់ “ការអប់រំតាមបែប ឌីជីថល” ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោក។
ទី៣ – ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធនៃការដឹកនាំ និង គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន។
ទី៤ – ក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធាន មនុស្ស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល និងប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
ទី៥ – ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ទាំងសុខុមាលភាពក្នុង ការបំពេញការងារ ក៏ដូចជាការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀននៅគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។ឥ
ទី៦ – ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀននិងរៀន ដើម្បីឱ្យសាលារៀនរបស់យើង ក្លាយទៅជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនរបស់ សហគមន៍ ប្រកបដោយប្រសិទ្ធភាព និងគុណភាព
ទី៧ – គ្រប់គ្រឹះស្ថានសិក្សា សូមបន្តលើកកម្ពស់សុខភាពសិក្សា និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយបន្តអនុវត្តតាមអភិក្រម “៣កុំ ៣ការពារ” ជាពិសេស ត្រូវមានយន្តការ និងវិធានការឆ្លើយតប ភ្លាមៗ ទៅនឹងប្រធានស័ក្ដិនានា។
ទី៨ – គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង ឱ្យស័ក្តិសមជា ទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយក
ទី៩ – លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេក វិទ្យាព័ត៌មាន និងភាសាបរទេស
ទី១០- – ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបាន ខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើ អបាយមុខផ្សេងៗ។
ទី១១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។ ទី១២- មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូននាំចៅ មកចុះឈ្មោះចូលរៀន , និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូន ដល់ចៅ តាមគ្រប់រូបភាព
ទី១៣- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី យុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការ អប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅ ដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត ៕
ដោយ ៖ សិលា