ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សម្តេច លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ព្រមទាំង សាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទី ក្រសួងសាធារណការ និងដឹកជញ្ជួននឹងរៀបចំពិធីបើកការដ្ឋានពង្រីកនិងលើកកម្ពស់ផ្លូវជាតិលេខ៧ជាផ្លូវ៤គន្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម(គីឡូម៉ែត្រលេខ៨៦)។
ដើម្បីឱ្យដំណើរការរៀបចំបើកការដ្ឋាន ប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍និងរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងពិធី រដ្ឋបាលខេត្តកំពង់ចាមនឹងបញ្ចៀសចរាចរណ៍ចាប់ពី ថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៣ ចំពោះយានយន្តគ្រប់ប្រភេទនៅកំណត់ផ្លូវជាតិលេខ៧ ចាប់ពីផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដល់រង្វង់មូលស្ពន់ ឃុំសូទិប ស្រុកជើងព្រៃ តាមតម្រាយផ្លូវដូចខាងក្រោម៖
១-ចំពោះយានយន្តដែលធ្វើដំណើរពីរាជធានីភ្នំពេញចូលមកក្រុងកំពង់ចាម ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចរង្វង់មូលស្គន់ទៅផ្លូវបំបែកភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ តាមផ្លូវលេខ៦០ដល់បំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងត្រូវបង្វែរទិសតាមផ្លូវលេខ២៧០ ត្រង់ផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាមស្រុកកងមាស។
២-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាមទៅខេត្តកំពង់ធំត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកត្រែង ឃុំអូរស្វាយ ស្រុកកំពង់សៀម ឆ្ពោះទៅផ្លូវលេខ៧១ ស្រុកចំការលើ។
៣-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាមចេញទៅរាជធានីភ្នំពេញត្រូវបង្វែរទិសចរាចរណ៍តាមផ្លូវលេខ២៧០ កាត់ស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
៤-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ស្រុកចំការលើចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរទៅផ្លូវលេខ៧០ កាត់តាមស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសម្តេច លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម សាធារណជនទាំងអស់ និងបងប្អូនធ្វើ ដំណើរឆ្លងកាត់តំបន់ខាងលើមេត្តាជ្រាបជាព័ត៌មាន និងសូមមានការយោគយល់ អធ្យាស្រ័យសម្រាប់ការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ននៅចំណុចខាងលើ៕
ដោយ ៖ សិលា