ខេត្តកំពង់ស្ពឺ៖ បើយោងតាមរបាយការណ៍របស់នគរបាលជំនាញផ្នែកចរាចរណ៍ខេត្តកំពង់ស្ពឺដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ផ្សេងទៀតរងរបួសបន្ទាប់ពីម៉ូតូពីរគ្រឿងបើកបុកគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦នឹង១៥នាទីល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២៣។
របាយការណ៍ដដែលពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ1V-1401 បើកបរដោយឈ្មោះ កាន វាសនា ភេទប្រុស អាយុ២០ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ឌុបមនុស្សម្នាក់ឈ្មោះ សយ វរលក្ខណ៍ ភេទប្រុស អាយុ១៨ឆ្នាំ(រងរបួសស្រាល) រស់នៅភូមិត្រពាំងខ្នារ ឃុំពោធិម្រាល ស្រុកបសេដ្ឋបើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបន្ថែមល្បឿនជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកហើយក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ1T-5444 បើកបរដោយឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ៣០ឆ្នាំបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ រស់នៅភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សពជនរងគ្រោះផ្នែកជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូទាំង០២គ្រឿងខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ចន្ទ លីហ្សា