ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស ៧នាក់បានស្លាប់​ និងរបួសធ្ងន់ ៥នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី០២ មករាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ម្សិលមិញ​ បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់) របួសធ្ងន់ ៥នាក់ (ស្រី ២នាក់) ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ ខែមករា បានបញ្ជាក់ថា​ ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក។ 

ជាមួយគ្នានោះ​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០២ ខែមករានេះដែរ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៣៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៦៩គ្រឿង ម៉ូតូ ៤៤៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤គ្រឿង មានម៉ូតូចំនួន ២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបន្តថា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖