ព័ត៌មានទាន់ហេតុការណ៍៖

លោក Ferdinand Marcos Jr នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ជាពេលដែលលោកត្រូវបានគេរំពឹងថា នឹងពិភាក្សាលើបញ្ហាជាច្រើន រួមទាំងបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង ផងដែរ។
នៅមុនពេលចេញដំណើរ លោក ម៉ាកូស បានថ្លែងថា លោកទន្ទឹងរង់ចាំជួបជាមួយប្រធានាធិបតី លោក ស៉ី ជីនពីង ហើយថាបញ្ហាដែលបានកើតឡើង គឺមិនមែនជាបញ្ហារបស់ប្រទេសជាមិត្តដូចយើងទាំងពីរនោះទេ។ កាលពីសប្តាហ៍មុន មន្ត្រីក្រសួងការបរទេសហ្វីលីពីនបាននិយាយថា កិច្ចពិភាក្សារវាងលោក ម៉ាកូស ជាមួយលោក ស៉ី នឹងរួមបញ្ចូលសកម្មភាពរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) កាលពីសប្តាហ៍មុនមិនបានលើកឡើងពីសមុទ្រចិនខាងត្បូងទេ ប៉ុន្តែបាននិយាយថា ដំណើរទស្សនកិច្ចនេះ នឹងផ្តោតលើការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។
ប្រសិនបើមិនមានការប្រែប្រួលទេ នេះនឹងក្លាយជាជំនួបទល់មុខគ្នាលើកទីពីររវាងលោក ម៉ាកូស និងលោក ស៉ី បន្ទាប់ពីកិច្ចប្រជុំកាលពីខែវិច្ឆិការបស់មេដឹកនាំទាំងពីរនៅក្នុងប្រទេសថៃ ហើយកើតឡើងចំពេលដែលហ្វីលីពីន បានលើកឡើងពីការព្រួយបារម្ភលើសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ rfi.fr


ចែករំលែក៖