ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការជួសជុលផ្លូវ នៅឃុំគំរូ និងឃុំថ្មពួក ស្រុកថ្មពួក

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ ​៖​ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត កាលពីព្រឹកមិញនេះ​ បានអញ្ជើញចុះពិនិត្យ និងពន្លឿនការងារជួសជុលផ្លូវលំ ក្នុងមូលដ្ឋានឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីក្រាលគ្រួសក្រហម និងកាយប្រឡាយរំដោះទឹកអមសងខាងផ្លូវ ដែលជាបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ក្រុមការងារមិនទុកបញ្ហាចោលនោះទេ យើងធ្វើការដោះស្រាយជាបណ្តើរៗ តាមលទ្ធភាព ស្ថានភាពជាក់ស្តែង។ ទោះបីកន្លែងខ្លះមិនទាន់បានឆ្លើយតបបានភ្លាម សូមការយោគយល់ពីពុកម៉ែបងប្អូន ក្រុមការងារជំនាញយើងនឹងបន្តទៅនាពេលខាងមុខ។

សូមបញ្ជាក់ថា ឆ្លើយតបសំណូមពរពុកម៉ែបងប្អូន ហើយក្នុងឆ្នាំ២០២៣នេះ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត ស្រុក/ក្រុង មូលនិធិឃុំ/សង្កាត់ ដើម្បីស្ថាបនាជាផ្លូវបេតុងវែង ឬខ្លី រាប់រយខ្សែ តាមបណ្តាភូមិឃុំដែលបងប្អូនប្រជាពលរដ្ឋរស់នៅ៕

ដោយ​៖សហការី​


ចែករំលែក៖