ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ស្រាល០៣នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរស០៣នាក់បានរងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកម៉ូតូបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣  លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅចំណុចភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង  ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកបង្កហេតុមាន ឈ្មោះ អំ ពេញ  អាយុ ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាក ហុងដា សេ១២៥ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១J.៧១២៨ខូចខាតទាំងស្រុង។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ ហ៊ន សីហា  អាយុ ២៦ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរឈ្មោះ ហ៊ូ ស្រស់  អាយុ ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាក FUTURE ពណ៌ខ្មៅ គ្មានស្លាកលេខ ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១J.៧១២៨ដោយធ្វើដំណើរក្នុងទិសដៅកើតទៅលិច មិនពាក់មួកសុវត្ថិភាពហើយមិនប្រកាន់ស្ដាំ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក FUTURE ពណ៌ខ្មៅ គ្មានស្លាកលេខជិះគ្នា២នាក់បញ្ច្រាសទិសគ្នាពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលទាំងយប់។

ក្រោយមកអ្នករងរបួសធ្ងន់២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រស់ ដើម្បីដោះស្រាយបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖