ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកសំរោងទង និងក្រុងច្បារមន នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។
នាឱកាសដ៏សប្បាយរីករាយក្នុងពិធីសំណេះសំណាលនេះ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការជួបជុំ លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ដែលបានឆ្លៀតពេលសម្រាកដើម្បីចូលរួមពិធីជួបជុំថ្ងៃនេះ។
ទន្ទឹមនឹងនេះ លោកហ៊ុនម៉ានីបានចូលរួមអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលជាខួបប្រវត្តិសាស្ត្រ ក្នុងការសង្គ្រោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ។ ឯកឧត្តមបានលើកឡើងថា យើងចាប់ផ្តើមពីបាតដៃទទេរ ទោះបីជាមិនទាន់បានសម្រេចបានអ្វីដែលយើងចង់បាន តែយើងត្រូវមានមោទនភាពដែលយើងបានឆ្លងកាត់សោកនាដកម្មដ៏សែនខ្លោចផ្សារមួយនេះ។
ជាមួយគ្នានេះដែរលោកហ៊ុន ម៉ានី បានមានប្រសាសន៍ថា អ្វីដែលមានសព្វថ្ងៃនេះ ជាពិសេសការមកជួបជុំថ្ងៃនេះ ពិតណាស់មិនអាចកើតឡើងដោយឯកឯងបានទេ បើគ្មានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាព និងស្ថិរភាពនយោបាយ យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស ភាពជោគជ័យនៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩។
អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល ទាំងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសកំឡុងពេលកូវីដ-១៩ និងបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកត្តាលីករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ។
ជាមួយគ្នានេះដែរ លោកហ៊ុនម៉ានីបានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ យោគ យល់គ្នា និងលះបង់ គោរពវិធានការ ៣ កុំ ៣ ការពារ ដែលជាយុទ្ធសាស្រ្តដាក់ដោយរាជរដ្ឋាភិបាល ដែលទាំងអស់នេះហើយដែលពីអោយយើងមកជួបជុំគ្នានាថ្ងៃនេះ។
សូមជម្រាបជូនថា អមដំណើរគណៈអធិបតីនាឱកាសនោះរួមមានលោកយឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាល លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ស្រុកសំរោងទង និង ក្រុងច្បារមន ប្រមាណ ២, ០០០ នាក់៕
ដោយ៖ សូរិយា