ខេត្តកំពង់ចាម ៖ ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានអំពាវឱ្យគណបក្សនយោបាយទាំងអស់ធ្វើការឃោសនាលើគោលនយោបាយខ្លួនទៅកាន់ពលរដ្ឋ ជៀសវាងធ្វើការវាយប្រហារបក្សប្រជាជនដើម្បីលើកខ្លួនឯង។ សម្ដេចបន្ថែមថា សម្ដេចទទួលបានព័ត៌មានគ្រប់គ្រាន់ពីការចេញឃោសនារបស់ក្រុមប្រឆាំង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ឱ្យមេធាវីគណបក្សប្រជាជនគ្រប់ខេត្ត-រាជធានី ត្រៀមប្ដឹងមន្ត្រីបក្សប្រឆាំងទៅតុលាការដែលចោទគណបក្សប្រជាជនថាលួចសន្លឹកឆ្នោត និងឃោសនាវាយប្រហារបក្សប្រជាជន។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ «អ្នកចង់ក្លាយខ្លួនជាសត្រូវរបស់បក្សប្រជាជនឬយ៉ាងណា? ឃោសនាតែគោលនយោបាយរបស់អ្នកទៅ ចាំបាច់អីមកវាយប្រហារគណបក្សប្រជាជន។ សម្តេចតេជោបន្តថា, ខ្ញុំសូមដាស់តឿនអ្នក បើអ្នកនៅតែបន្តយើងនឹងប្រើសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបានថាជាចោរមួយជីវិតនោះទេ និងទុកជម្រើសឱ្យ២គឺធ្វើតាមផ្លូវច្បាប់ ឬសម្ដេចត្រូវប្រមូលមនុស្សបក្សប្រជាជនទៅវ៉ៃអ្នកដែលចោទនោះ។
សម្ដេចតេជោ ហ៊ុនសែន ថា៖ «បើអ្នកមិនព្រមបញ្ឈប់ការវាយប្រហារយើងមិនមានជម្រើសទេ»។
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមានប្ដឹងសើរើយកផ្ទះរបស់លោក គង់ គាំ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញវិញ បន្ទាប់ពីលោក គង់ គាំ ធ្វើការវាយប្រហារលើគណបក្សប្រជាជន។
បើតាមសម្ដេចតេជោ ហ៊ុនសែន បញ្ជាក់ថា, លោក គង់ គាំ កាលពីអតីតកាលគឺជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាជន និងបានក្លាយជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាម ក្រោយពីត្រឡប់ពីប្រទេសវៀតណាមវិញលោក គង់ គាំ បានយកអតីតទីតាំងរបស់ក្រសួងការបរទេសធ្វើជាផ្ទះរបស់ខ្លួនបច្ចុប្បន្ន ៕
ដោយ ៖ សិលា