យោធាចិនបានប្រកាសពីការធ្វើសមយុទ្ធប្រយុទ្ធជុំវិញកោះតៃវ៉ាន់នៅថ្ងៃទី ៨ ខែមករា។ នេះជាលើកទី២ហើយដែលចិនធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលមិនដល់មួយខែផង។
សារព័ត៌មានរ៉យទ័របានផ្សាយនៅពីថ្ងៃទី៩ ខែមករា ដោយបានដកស្រង់សេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃដដែលនៃបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) ដែលបាននិយាយថា កងកម្លាំងបានរៀបចំ “ការល្បាតត្រៀមប្រយុទ្ធ” សមយុទ្ធប្រយុទ្ធរួមគ្នា និងជាក់ស្តែង ” នៅលើសមុទ្រនិងនៅលើអាកាសជុំវិញកោះតៃវ៉ាន់ ដោយផ្តោតលើការធ្វើសមយុទ្ធនៅលើគោក និងនៅលើសមុទ្រ។
សេចក្តីថ្លែងការណ៍បាននិយាយថា គោលបំណងនៃប្រតិបត្តិការនេះគឺដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នា និង “ទប់ទល់យ៉ាងម៉ឺងម៉ាត់នូវសកម្មភាពបង្កហេតុដោយកងកម្លាំងខាងក្រៅ និងកងកម្លាំងបំបែកខ្លួននៅតៃវ៉ាន់”។
ក្នុងរយៈពេលតិចជាង២៤ម៉ោង កងកម្លាំងរបស់កោះតៃវ៉ាន់បានរកឃើញយន្តហោះចិនចំនួន ៥៧ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៤គ្រឿងដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ រួមទាំងយន្តហោះចំនួន ២៨គ្រឿងដែលកំពុងហោះហើរចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
ក្នុងចំណោមយន្តហោះទាំង ២៨គ្រឿងនេះ មានដូចជាយន្តហោះចម្បាំង Su-30 និង J-16 ដែលបានហោះហើរលើខ្សែបន្ទាត់មធ្យមឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាតំបន់ការពារមិនផ្លូវការរវាងភាគីទាំងពីរ ក្នុងពេលជាមួយគ្នាមានយន្តហោះ ២ គ្រឿង ជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6 បានហោះទៅភាគខាងត្បូងនៃកោះតៃវ៉ាន់។
កាលពីចុងខែមុន ចិនក៏បានធ្វើសមយុទ្ធស្រដៀងគ្នានេះផងដែរ ដែលតៃវ៉ាន់បានរកឃើញយន្តហោះចិនចំនួន៤៣គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ទីក្រុងប៉េកាំងបានចាត់ទុកទីក្រុងតៃប៉ិជាផ្នែកមួយរបស់ខ្លួន ហើយបានបន្តសកម្មភាពផ្លូវអាកាស និងសមុទ្រនៅជិតកោះតៃវ៉ាន់ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ៕
ដោយ៖ ធីរីណា(ប្រភពរូបថត៖ baogiaothong.vn)