ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ “បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ កម្ពុជាក៏មិនអាចជោគ​ជ័យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ បានដែរ”

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នា​ឱកាស​អញ្ជើញ​​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានផ្ដល់នូវការជឿទុកចិត្ត ចំពោះ​គណបក្សប្រជាជនកម្ពុជា ជាពិសេស​ការ​ជឿ​ទុក​ចិត្ត​ចំពោះ​សម្ដេច​ផ្ទាល់​ សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ប្រកប​ដោយសន្ដិភាព និងការអភិវឌ្ឍ។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងគូស​បញ្ជាក់យ៉ាងដូច្នេះថា​៖ បើ​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋប្រទេសកម្ពុជា ក៏មិនអាចជោគ​ជ័យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ បាន​ដែរ ប្រសិនបើប្រជាពលរដ្ឋមិនទទួលយកអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ និងការទទួលវ៉ាក់សាំង។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បា​នថ្លែងថា​ ​ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ទេ​ ប្រទេសកម្ពុជា ក៏មិន​អាច​បើក​ដំណើរ​ការ​សង្គមសេដ្ឋកិច្ចជាធម្មតាឡើងវិញបានដែរ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់បន្ថែមថា គ្រាន់តែមួយរយៈខ្លីប៉ុណ្ណោះ កូវីដ១៩ បាន​ទាញ​យក​ជីវិត​ប្រជាជន​កម្ពុជា ៣០៥៦ នាក់ ដែលជាចំនួនមួយ គួរឱ្យខ្លាច។ ប៉ុន្ដែ​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅ​លើគោលនយោបាយ ទៅលើយុទ្ធសាស្រ្ដ និងបណ្ដាវិធានការទាំងឡាយ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ គឺត្រូវបានប្រជាពលរដ្ឋទទួលស្វាគមន៍។

ជាមួយគ្នានោះ​ សម្តេច​នាយករដ្ឋមន្ត្រីកម្ពុជា​ បានប្រកាសដល់ប្រជាពលរដ្ឋកុំភ្លេចខ្លួន ក្នុងកិច្ចការ​ការ​ពារ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំង​ដូស​មូល​ដ្ឋាន និង​ដូសជំរុញ តាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង៕

ដោយ៖ស​ តារា​


ចែករំលែក៖