ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ដែលប្រព្រឹត្តបទល្មើស ប្លន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។
ទាក់ទិននឹងករណីនេះ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងតាមទូរស័ព្ទថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីម៉ាក Lock ១៩ ពណ៌ខ្មៅ និងកូនកាំបិតភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារសហរដ្ឋអាមេរិក) ពីជនជាតិចិន នៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្នុងកោះពេជ្រ) ។
ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលយុត្តិធម៌បានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនា ញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចុះស្រាវជ្រាវ ស៊ើបអង្កេត ជាបន្ទាន់តាមរយៈកាមេរ៉ាសុវត្ថិភាពនិងសាកសួរសាក្សីផ្សេងៗ ដើម្បីកំណត់មុខសញ្ញាឈានទៅដល់ការចាប់ខ្លួន ។
លោក ប៊ុន សត្យា បន្តថា លុះនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី ប្រហែល១៩ម៉ោង ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ៖
ម្នាក់ឈ្មោះ YAO YUHONG ភេទប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ WANG YANG ភេទប្រុស ជនជាតិចិន អាយុ៣៦ឆ្នាំ នៅចំណុចផ្លូវមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លី១ដើម ម៉ាក LOCK ១៩ ពណ៌ខ្មៅ បង់២ និងគ្រាប់ចំនួន១៧គ្រាប់ និងកូនកាំបិតបត់ម៉ាក Browning ដងឈើ១ ។ ពេលឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ សមត្តកិច្ចបាននាំយកទៅសាកសួរ ទើបជនសង្ស័យសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារអាមេរិកពីជនជាតិចិនដូចគ្នានោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកដល់តុលាការ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា