ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមការងារ ICRG-JG ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

តាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ លោកស្រី ម៉ាលីន បានសម្ដែងនូវសេចក្ដីរីករាយ ដោយបានដឹកនាំប្រតិភូមកកាន់កម្ពុជា។ លោកស្រី ម៉ាលីន បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដោយបានបើកប្រទេសជាតិ និងបើកសេដ្ឋកិច្ចឡើងវិញ។

លោកស្រី ម៉ាលីន ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ហើយបានលើកទឹកចិត្តកម្ពុជាឲ្យនាំមុខប្រទេសដទៃទៀតលើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកស្រី ម៉ាលីន និងប្រតិភូទាំងមូលមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូលអំពីយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ និងបានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីកិច្ចផ្ដួចផ្ដើមការអភិវឌ្ឍបៃតង ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាកន្លងមកនេះ៕

ដោយ ៖ សិលា


ចែករំលែក៖