ខេត្តកំពង់ស្ពឺ៖ ដោយសារភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះធ្វើឲ្យតំបន់មួយចំនួនក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺរងការជន់លិច។ វាជាទិដ្ឋភាពដែលកម្របានជួបប្រទះនៅអំឡុងខែមករានៃបណ្ដាឆ្នាំមុនៗដែលមានការភ្លៀងបណ្ដាលឲ្យជន់លិចផ្លូវនិងទីតាំងមួយចំនួន។ រហូតមកដល់រសៀលថ្ងៃទី១១ខែមករានេះភ្លៀងនៅបន្តរលឹមធ្លាក់ជាបន្តបន្ទាប់នៅផ្នែកខ្លះនៃស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
លោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្តមួយចំនួនដែលកំពុងជន់លិចនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកមានប្រសាសន៍ថា ដោយសារតែការប្រែប្រួលនៃអាកាសធាតុរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ បណ្ដាលឱ្យភ្លៀងធ្លាក់ជាប់ៗគ្នា និងបង្កការជន់លិចផ្នែកខ្លះនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុច ភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជំនន់ទឹកភ្លៀងបានបង្កឱ្យលិចកំណាត់ផ្លូវលេខ៤៨-៤៩ ដែលបានកាត់ផ្ដាច់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋមួយរយៈ។
តាមរយៈនេះលោកអភិបាលខេត្តអំពាវនាវដោយទទូច សុំឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ប្រើប្រាស់វិធានការសរុប កម្លាំងសរុប ដើម្បីបញ្ជៀសឲ្យបាននៅគ្រោះថ្នាក់ជាយថាហេតុ និងសូមពុកម៉ែ មាមីង បងប្អូន មេត្តាប្រុង ប្រយ័ត្នខ្ពស់ ហើយត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីដែលពុកម៉ែ មាមីង បងប្អូន មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីដែលពុកម៉ែមាមីងបងប្អូនត្រូវការសង្គ្រោះ ៕
ដោយ៖ សូរិយា