ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីសRX400hពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៤ កែងនឹងផ្លូវលេខ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសRX400h ពណ៌ស ពាក់ផ្លាកលេខ នគរបាល2-5560 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៤ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូស្គូពី មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1CN -1729 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣០ក្នុងទិសដៅពីលិចទៅកើតដោយមានល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកចំទ្វារក្រោយរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យអ្នកបេីកម៉ូតូរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជន ។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ