ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូនៅក្រុង​ពោធិ៍សាត់​

ចែករំលែក៖

  ខេត្ត​ពោធិ៍សាត់៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីចោរលួចម៉ូតូ០១​ គ្រឿង​នៅក្រុងពោធិ៍សាត់​ ភ្លាមៗ​កម្លាំង​ជំនាញ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជាក់ស្ដែង​។ 

ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពីល្ងាចថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២៣ វេលាម៉ោង​១៧និង០៥នាទី​ នៅចំណុចតូបធ្វេីម៉ូតូ ស្ថិតនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថាកម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ទី១ឈ្មោះ ហេង ណារ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែកក្តីក្រោម ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទី២ឈ្មោះ ភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(រត់គេចខ្លួនបាត់) ជនសង្ស័យមានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ1B-7991ដែលជារបស់ម្ចាស់ឈ្មោះ ស្ងួន ស្រស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិឃុំកេីតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចនគរបាល ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ អរុណរះ


ចែករំលែក៖