ខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Sebastien Haller បានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីការវះកាត់ និងការព្យាបាលដោយប្រើគីមីដើម្បីព្យាបាលជំងឺមហារីកពងស្វាស។
គាត់មិនបានលេងឱ្យក្លិបអាឡឺម៉ង់ចាប់តាំងពីផ្ទេរពី Ajax ក្នុងខែកក្កដាឆ្នាំ២០២២ ក្នុងតម្លៃ៣១លានអឺរ៉ូ។ Haller ត្រូវបានគេធ្វើរោគវិនិច្ឆ័យតែប៉ុន្មានសប្តាហ៍បន្ទាប់ពីចុះកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយ Dortmund។
Haller វ័យ២៨ឆ្នាំបានប្រាប់អ្នកយកព័ត៌មាននៅឯជំរុំហ្វឹកហាត់របស់ Dortmund ក្នុងទីក្រុង Marbella ថា “វាមានរយៈពេល៦ខែដ៏លំបាក ប៉ុន្តែខ្ញុំសប្បាយចិត្តដែលបាននៅទីនេះ” ។
Haller ដែលបានបង្ហាញខ្លួនក្នុងពិធី Ballon d’Or នៅទីក្រុងប៉ារីសកាលពីខែតុលា សង្ឃឹមថានឹងមានវត្តមានសម្រាប់ Dortmund ទល់នឹង Augsburg ក្នុងការប្រកួតលីកដំបូងប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃទី២២ខែមករា។
កីឡាករអន្តរជាតិកូតឌីវ័ររូបនេះបានបន្តថា “ខ្ញុំសប្បាយចិត្តណាស់ដែលបាននៅទីនេះជាមួយបុរស ហើយអាចលេងក្នុងអាកាសធាតុដ៏អស្ចារ្យនេះ និងឧបករណ៍ទាំងនេះ។ ពិតណាស់អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាន ខ្ញុំមិនមានការរឹតបន្តឹងក្នុងចិត្តរបស់ខ្ញុំទេ។ មនុស្សតែមួយគត់ដែលអាចឱ្យខ្ញុំមានការរឹតបន្តឹងគឺគ្រូបង្វឹក និងបុគ្គលិកពេទ្យ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលេងនៅថ្ងៃទី២២“។
អតីតកីឡាករ Eintracht Frankfurt និង West Ham រូបនេះបានទទួលជោគជ័យនៅក្រុមជើងឯកហូឡង់ Ajax ដោយស៊ុតបញ្ចូលទីបាន៣៤គ្រាប់មុនពេលចូលរួមជាមួយ Dortmund។ Haller តំណាងឱ្យប្រទេសបារាំងនៅកម្រិតយុវជន មុនពេលប្តូរទៅលេងឲ្យប្រទេសកូតឌីវ័រ ហើយក៏ធ្លាប់លេងឱ្យ Auxerre និង Utrecht ផងដែរ។
បច្ចុប្បន្នក្រុម Dortmund ឈរនៅលេខរៀងទី៦ក្នុងលីកកំពូលអាល្លឺម៉ង់Bundesliga ដោយមាន៩ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayern Munich បន្ទាប់ពី១៥ប្រកួតនៃរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)