ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជន ប្រគល់អំណោយជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០ គ្រួសារនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សប្បុរសជនបាន ប្រគល់អំណោយជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០ គ្រួសារនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

ជាក់ស្ដែង នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៣ លោក អ៊ូ វណ្ណារិទ្ធ ស្នងការរងតំណាង លោកស្នងការនគរបាលខេត្តស្វាយរៀង និងលោកស្រីកែវ ណារី ម្ចាស់សណ្ឋាគារណារីស្វិតក្រុងបាវិតព្រមទាំងលោកស្រី ឆេង ស្រីនាង អគ្គនាយកក្រុមហ៊ុនម៉ាដាមស្អាត បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់អំណោយជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០ គ្រួសារ តាមរយៈ លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

ក្នុងឱកាសនោះ លោក អ៊ូ វណ្ណារិទ្ធ ស្នងការរងនគរបាលខេត្តស្វាយរៀងបានថ្លែងអំណរគុណដល់សប្បុរសជន មានលោកស្រីកែវ ណារី ម្ចាស់សណ្ឋាគារណារីស្វិតក្រុងបាវិតព្រមទាំងលោកស្រី ឆេង ស្រីនាង អគ្គនាយកក្រុមហ៊ុនម៉ាដាមស្អាត ដែលបានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនក្នុងការផ្ដល់ជាអំណោយជាគ្រឿងឧបភោគបរិភោគនិងបានជួបសំណេះសំណាលនិងប្រគល់អំណោយជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០ គ្រួសារនាពេលនេះផងដែរ។

លោកស្រីកែវ ណារី បានឱ្យដឹងថាដោយមើលឃើញការលំបាកនិងមានការខ្វះខាត ទើបលោកស្រីនិងក្រុមការងារបានរួមគ្នាផ្ដល់ជាអំណោយ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនមកចែកជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០ គ្រួសារនាពេលនេះផងដែរ។

លោកស្រីបន្តថាអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ពិតមែន តែអាចជួយរំលែកការលំបាកខ្វះខាតរបស់បងប្អូនទាំងអស់បានមួយរយៈខ្លីផងដែរ ។

លោកស្រី បានធ្វើការផ្តាំផ្ញើដល់លោកអ៊ុំ លោកយាយ លោកតាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការ (៣កុំ៣ការពារ) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ និងបន្តចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញទី៦ឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងណែនាំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

សូមបញ្ជាក់ថាអំណោយគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន៖អង្ករ២៥kg,មីម៉ាម៉ា០១កេសតូច,ត្រីខកំប៉ុង ០១ យួរ,ទឹកត្រី   ០១ យួរ,ទឹកស៊ីអ៊ីវ ០១យួរ,ថវិកា ៥០.០០០រៀល,ក្រម៉ា ០១ ,សារ៉ុង ០១។

ក្នុងនោះដែរលោកស្រីក៏បានឧបត្ថម្ភដល់កងកម្លាំងចំនួន៤០នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥០.០០០រៀល,សារ៉ុង ០៤ សារុង(សម្រាប់នារី) ក្រមា៣៦ ក្រមា សម្រាប់បុរសផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖