ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគយកម្ពុជា ៖​ វិធានការបន្ត គឺបង្ក្រាបរថយន្តគ្មានពន្ធ​ និងមិនអនុញ្ញាតឱ្យម្ចាស់រថយន្តទាំងនោះ​ ចូលមកបង់ពន្ធទៀតទេ

ចែករំលែក៖

ភ្នំពេញ៖​ ថ្លែង​ក្នុងពិធីរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសកម្ពុជា លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ​ថា គយមិនអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ចូលខ្លួនមកបង់ពន្ធនោះទេ​ ក្រោយផុតឱសាទវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ​ថ្មីៗ​នេះ។ 

លោក គុណ ញឹម បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖​ “ចំពោះសំនួរថា តើចប់យុទ្ធនាការផុតឱសាទហើយ តើអនុញ្ញាតឱ្យម្ចាស់ដែលមានស្រាប់ នៅក្នុងប្រទេស មកបង់ពន្ធឬទេ ចំណុចនេះ ខ្ញុំជម្រាបជូនថា គឺយើងអត់មានគោលការណ៍ទេ អត់មានគោលការណ៍អនុញ្ញាត ឲ្យម្ចាស់រថយន្តកំពុងតែបើកប្រើប្រាស់ នៅក្នុងប្រទេសគ្មានពន្ធ ចូលបង់ពន្ធទេ”។ 

លោក គុណ ញឹម បានលើកឡើងថា៖​ “គោលការណ៍ ឬកិច្ចការរបស់គយ គឺធ្វើការនៅព្រំដែន ចំពោះទំនិញនាំចូល ត្រូវបំពេញកាតព្វកិច្ចពន្ធអាករនៅមាត់ច្រក មិនមែនមកដល់ក្នុងស្រុកហើយ បាននឹកឃើញថា មកបង់ពន្ធគឺអត់ទេ ដូច្នេះសម្រាប់ម្ចាស់រថយន្តទាំងស្ដាំ-ទាំងឆ្វេង ដែលនៅសេសសល់កំពុងប្រើក្នុងស្រុក អត់មានជម្រើសទេ ពីព្រោះឱកាសបានផ្តល់ជូនហើយ”។

លោក គុណ ញឹម បានបន្ថែមទៀតថា គោលការណ៍ បានផ្តល់ជូនហើយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនអាចបើកចំហរដោយអត់ឱសាទវាទបានទេ ពីព្រោះបើសិនជាបើកចំហរអត់ឱសាទវាទ មានន័យថា ពិបាកទប់ស្កាត់ពាក់ព័ន្ធនឹងការនាំចូលរថយន្តខុសច្បាប់ ចូលមកក្នុងប្រទេសកម្ពុជា។

លោក គុណ ញឹម បានសង្កត់ធ្ងន់ថា៖​ ផុតពីយុទ្ធនាការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសនេះ គឺមានតែបង្ក្រាប ហើយបង្ក្រាប គឺបន្ទុកធ្ងន់។​ លោកអគ្គនាយកដ្ឋានគយ បានថ្លែងបន្តថា​ អត់មានគោលការណ៍អីបន្ត ម្ចាស់រថយន្តដែលខកខានមិនបានបង់ពន្ធ ចូលខ្លួនមកសុំបង់ពន្ធ គឺអត់ទេ គឺមានតែបង្ក្រាប។

បន្ថែមពីនេះ លោក គុណ ញឹម បានបញ្ជាក់ទៀតថា រថយន្ដចង្កូតឆ្វេង អត់ពន្ធគឺល្មើសច្បាប់គយ ដោយឡែករថយន្តចង្កូតស្ដាំ គ្មានពន្ធល្មើសច្បាប់ ដល់ទៅ២ គឺច្បាប់គយផង និងច្បាប់ចរាចរណ៍ផង។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែកញ្ញា ឆ្នាំ២០២១។

ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រថយន្តអត់ពន្ធចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ចំពោះរថយន្តចង្កូតស្តាំ ក៏ទទួលបានការអនុគ្រោះពន្ធ១០ភាគរយផងដែរ ត្រូវកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីផុតឱសានវាទ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ។

ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ តម្រូវឲ្យមកចុះបញ្ជីជារថយន្តមានស្រាប់ក្នុងប្រទេស ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបានចុះបញ្ជីរួច អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទុកពេលវេលារហូតដល់ដំណាច់ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករ។

ផុតឱសានវាទរថយន្តចង្កូតស្ដាំបានចុះបញ្ជីរួច ដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករ គឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ។

ចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ១០៦លានដុល្លារ ខណៈចំនួនរថយន្ដសរុប ដែលបានប្រមូលពន្ធអាករ និងបានចុះបញ្ជី មានប្រមាណជិត២ម៉ឺនគ្រឿង៕

ដោយ​៖សហការី​


ចែករំលែក៖