ខេត្តមណ្ឌលគិរី ៖ ឪពុកកូនកម្លោះម្នាក់ បានជ្រើសរើសការធ្វើអត្តឃាតដោយចងកខណៈដែលពិធីមង្គលការកូននឹងប្រព្រឹត្តទៅនៅ១សប្តាហ៍ខាងមុខទៀតនេះ។ បុរសកម្សត់រូបនេះមានឈ្មោះ នាង ប៊ុននឿន អាយុ៥០ឆ្នាំ មានទីលំនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកសារ៉ុម ប្រធានក្រុមរស់នៅម្តុំផ្ទះសពឱ្យដឹងថា បុរសខាងលើជាកសិករដាំបន្លែនៅម្តុំអូរប៉ាម មិនឆ្ងាយពីផ្ទះរបស់គាត់ទេ ។ លោកបានសាកសួរទៅក្រុមគ្រួសារសព ពួកគាត់ឆ្លើយថា ជនរងគ្រោះនៅល្ងាចថ្ងៃកើតហេតុគឺម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១២មករាបានទៅមើលរងបន្លែដូចសព្វដង និងបានសម្រេចចិត្តចងកនៅទីនោះ ព្រោះពិបាកចិត្តមិនមានលុយឱ្យថ្លៃបណ្ណាការកូន ត្បិតនឹងដល់ថ្ងៃធ្វើពិធីមង្គលនៅ១សប្តាហ៍ទៀត។
លោកមេក្រុមបន្តថា ចាំបាត់ៗមិនឃើញប្តីនិងឪពុកមកផ្ទះ កូនប្រុសរបស់គាត់បានទៅរកនៅចម្ការបន្លែក៏ឃើញឪពុកចងកនឹងខ្សែជ័រពណ៌ខ្មៅស្លាប់បាត់ទៅហើយ។
សពត្រូវកូនៗដឹកតាមម៉ូតូមកធ្វើបុណ្យនៅគេហដ្ឋានផងដែរ៕
ដោយ៖ សហការី