ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, តបតាមការអញ្ជើញរបស់ លោក អុីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចន សភាពាណិជ្ជកម្មកម្ពុជា ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងមានជំនួបពិភាក្សាផ្លូវការជាមួយ លោកប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និង អន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលការចូលជួបសម្តែងការគួរ សមដាច់ដោយឡែកពីគា្ន ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្តី ការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។
ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលខាងមុខនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការ អភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
ដោយ : សុខ ខេមរា