ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានបន្តផ្តល់សម្ភារៈសង្គ្រោះផ្ទៃទឹក ជូនដល់ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១និងកងពលតូចលេខ ៧០ ដោយសម្ភារៈទាំងនេះ ក្រោម អធិបតីភាពលោកហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ថ្លែងក្នុងឱកាសផ្តល់និងទទួលនោះលោកហង្សសាមឿន បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្តទុកដាក់របស់កងពលតូចលេខ៧០ និងកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ ដែលតែង តែមាន វត្តមានក្នុងការជួយសង្រ្គោះប្រជាលរដ្ឋនៅពេលមាន គ្រោះមហន្តរាយកើតឡើងនាពេលកន្លងមក។
លោកអនុប្រធានបានបន្តថា កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ ជាកងប្រតិបត្តិការដែលមានស្នាដៃឆ្នើម និងសកម្មក្នុងការ សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយ គ្រោះ មហន្តរាយ។ តួយ៉ាងដូចជាបេសកកម្មថ្មីៗនេះ កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ បានចូលរួមយ៉ាងសកម្មក្នុង ការ រុករក និងសង្គ្រោះករណីអគ្គិភ័យនៅចំណុច កាស៊ីណូ ហ្គ្រែនដាយមិន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីចុងឆ្នាំ២០២២នេះ។
ក្នុងពិធីប្រគល់ និងទទួលនេះដែរ អនុប្រធានទី២ បានថ្លែងនូវអំណរគុណដ៏ឧត្ដុង្គឧត្ដមបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដែលបានអនុញ្ញាតឱ្យបង្កើតកងប្រតិបត្តិការរុករង និងសង្រ្គោះគ្រោះមហន្តរាយ១៦កងនេះឡើង ព្រមទាំងបានបំពាក់ឧបករណ៍សម្ភារៈ ដល់កងសង្គ្រោះតាមរយៈនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ៕
ដោយ៖ សូរិយា