ខេត្តកណ្ដាល៖ រថយន្តសាំយ៉ុងមួយគ្រឿងបើកបោះពួយយ៉ាងលឿន វ៉ាជែងរថយន្តមួយគ្រឿងនៅខាងមុខមិនផុត បានបុកជាមួយរថយន្តហ៊ីណូមួយគ្រឿង ដែលបើកច្រាសទិសគ្នាពេញមួយទំហឹង បណ្ដាលឱ្យមនុស្សប្រុសស្រី២នាក់ ជាអ្នកបើកនិងជិះរថយន្តសាំយ៉ុងរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ក្នុងភូមិព្រែកអង្គញ់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ប៊ី ប៊ុនលី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ជាអ្នកបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AH-១០៤៧ និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ស្រីណា (ត្រូវជាគូដណ្ដឹង) របួសស្រាល។ចំណែកភាគីរថយន្តម្ខាងទៀតម៉ាកហ៉ីណូ ប្រភេទបែន ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្ដាំ KDL ១១៩៨ អ្នកបើកបរ(រត់គេចខ្លួនបាត់)។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ គេបានឃើញរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ បានបន្ថែមល្បឿនវ៉ាជែងរថយន្តមួយគ្រឿងនៅខាងមុខស្របទិសគ្នា តែវ៉ាមិនផុត បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីណូបើកនៅខាងមុខ ក្នុងទិសដៅច្រាសគ្នា ពេញមួយទំហឹង បណ្ដាលឱ្យមនុស្ស២នាក់ជាអ្នកបើករថយន្តសាំយ៉ុងនិងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ស្រាល រីឯអ្នកបើករថយន្តហ៊ីណូបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោយមានហេតុការណ៍កើតឡើង កម្លាំងជំនាញចរាចរណ៍ស្រុកបានចុះដល់កន្លែងកើតហេតុ រួចហៅរថយន្តសាមុយមកដឹកជនរងគ្រោះរបួសធ្ងន់ទៅមន្ទីរពេទ្យប្រតិបត្តិស្រុក រីឯមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញកសាងឯកសារយកមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ