ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ជាសិស្សសាលាបើកម៉ូតូ បុកសួនច្បារពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗទាំងព្រឹកព្រលឹម

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ជាសិស្សសាលាបើកបរម៉ូតូម៉ាហុងដាគុបជ្រុង ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកខឿនសួនច្បារពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងទាំងព្រឹកព្រលឹម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវR៦ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

   សពដែលស្លាប់ជាសិស្សសាលាមាន ឈ្មោះ អនម៉ូវម៉ុល្លា សុវឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅម្តុំបុរីចំការដូង មានស្រុកកំណើតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុឃើញក្មេងប្រុសម្នាក់ជាសិស្សសាលា បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1I-4642 ធ្វើដំណើរតាមបណ្ដោយផ្លូវR៦ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកខឿនសួនច្បារពេញទំហឹង បណ្ដាលឱ្យដួលបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូយកទៅរក្សាទុកជាបណ្តោះអាសន្ន និងបានធ្វើកំណត់ហេតុរួចរាល់ ទើបធ្វើការទាក់ទងរកក្រុមគ្រួសារសាច់ញាតិ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖