ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀង​ហក់ឡេីងខ្លាំងតាមស្ទឹងព្រែកត្នោត​ ខណៈដែលបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភ

ចែករំលែក៖

ភ្នំពេញ​ ៖ តាមកំណត់សម្គាល់នារដូវវស្សា​គឺជំនន់ទឹកភ្លៀងតែងតែជន់លិចតាមបណ្តាខេត្តនានា ក៏ដូចជាតំបន់មួយចំនួនដែលធ្វើឱ្យប្រជាកសិករមានការភ័យព្រួយខ្លាំងដោយការលិចលំនៅឋាន ស្រែ ចម្ការ ផលដំណាំ និងប៉ះពាល់ទៅដល់សត្វពាហនៈជាដើម ។

តែផ្ទុយទៅបើទោះបីខែវស្សាកន្លងហួសផុតទៅហើយក្តី ក៏ទឹកស្ទឹងព្រែកត្នោតកំពុងបង្កភាពភ័យខ្លាចទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ រហូតមកដល់ពេលនេះ ទឹកមិនទាន់ស្រកនៅឡើយ ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោតនៃខណ្ឌដង្កោ កំពុងហក់ឡើងខ្លាំង ដែលធ្វើឱ្យពួកគាត់មួយចំនួនជញ្ជូនអីវ៉ាន់មិនទាន់នោះទេ ដូចជា តុ ទូ ទូរទស្សន៍ ម៉ូតូ ជាដើម ពេលនេះកំពុងតែត្រាំក្នុងទឹកនៅឡើយ ដោយសារទឹកស្ទឹងព្រែកត្នោតឡើងលឿនពេក ចាប់តាំងពីវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ ។

មន្ត្រីអាជ្ញាធរខណ្ឌដង្កោលើកឡើងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមឡើងបន្តិចម្តងៗរយៈពេលបីទៅបួនថ្ងៃមកហើយ ។ ចំពោះបញ្ហានេះអាជ្ញាធរខណ្ឌដង្កោកំពុងមមាញឹកក្នុងការដកស្រង់ស្ថិតិអំពីការលិចលង់នេះ ។

ទោះបីយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋ សូមស្នើដល់អាជ្ញាធរសង្កាត់ ខណ្ឌ ឬ ស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យឱ្យបានរួសរាន់ ជាពិសេសសូមជួយត្រៀមទីទួលសុវត្ថិភាព ដើម្បីជាការត្រៀមជម្លៀសពួកគាត់ទៅតំបន់សុវត្ថិភាពផង ៕

IMG_7998 IMG_7995 IMG_7996

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖