ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក បណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ 

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា លោក បណ្ឌិត អូ មីយុង បានគោរពជម្រាបជូនសម្ដេចតេជោថា លោក បានមកព្រះរាជាណាចក្រកម្ពុជា កាលពី ១០ឆ្នាំមុន ហើយនៅពេលនេះ លោក បានសង្កេតឃើញថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ។ ជាមួយគ្នានេះដែរ លោកបណ្ឌិត អូ មីយុង ក៏បានជម្រាបជូនសម្ដេចតេជោ ថា លោក បានសង្កេតឃើញថា កម្ពុជា មានភាពអនុគ្រោះខ្លាំងណាស់សម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ នោះគឺកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី, កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកម្ពុជា មិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិនោះទេ ។ អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់ អំពីស្ថានភាពវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត អូ មីយុង ដែលបានវាយតម្លៃអំពីស្ថានភាពនៅកម្ពុជា ។ 

សម្ដេចតេជោបានជម្រាបជូន លោក និងប្រតិភូទាំងមូលថា ជាការពិតណាស់ កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ឬខ្យល់ព្យុះនោះទេ ។ អ្វីដែលឯកឧត្តម អូ បានលើកឡើង គឺជាការពិត កម្ពុជា មានស្ថានភាពអំណោយផល។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យលោក និងប្រតិភូទាំងមូល ជួយធ្វើការផ្សព្វផ្សាយ សូមឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម លើកត្តាអំណោយផល ដូចបានជម្រាបជូនខាងលើនោះ កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េ ជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ, កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។

ជាមួយគ្នានោះដែរ កម្ពុជា ក៏មានវត្ថុធាតុដើមដូចជា៖ ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឯកឧត្តម និងប្រតិភូទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជាផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖