ភ្នំពេញ៖ នៅមជ្ឈមណ្ឌលសហប្រតិហត្តិការកម្ពុជា ជប៉ុន (CJCC) មានការរៀបចំកម្មវិធីប្រកួត Think!Think! World Cup ថ្នាក់ជាតិ ២០២២ ដែលជាផ្នែកមួយនៃខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Taninai Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។
កម្មវិធីរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា JICA និងស្ថានទូតជប៉ុន ដើម្បីលើកទឹកចិត្ត សិស្សានុសិស្សកាន់តែច្រើនក្នុងប្រទេសកម្ពុជា ឱ្យសិក្សា STEM តាំងពីវ័យកុមារជាមួយនឹងបច្ចេកវិទ្យាអប់រំ ពីប្រទេសជប៉ុន។
លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀន STEM តាំងពីកុមារភាព និងអភិវឌ្ឍបំណិនសតវត្សរ៍ទី២១ នៅក្នុងសង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ Think!Think! World Cup គឺជាឱកាសដ៏ល្អដែលអាចទាញ ចំណាប់អារម្មណ៍សិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើ STEM ។
លោកស្រី ហារ៊ុកុ កាមិអិ ប្រធានតំណាង JICA ប្រចាំកម្ពុជា មានប្រសាសន៍ថា Think!Think! គឺជាសេវាកម្មអប់រំរបស់ប្រទេសជប៉ុនដ៏លេចធ្លោមួយ ដែលត្រូវបានទទួលស្គាល់យ៉ាងច្បាស់លាស់ សម្រាប់កម្មវិធី EdTech (បច្ចេកវិទ្យាអប់រំ) ដ៏ល្អឥតខ្ចោះសម្រាប់កុមារនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងពិភពលោក។
Think!Think! ជា កម្មវិធីមកពីប្រទេស ជប៉ុន ដើម្បី អភិវឌ្ឍជំនាញ STEM និងជំនាញសតវត្សរ៍ទី២១ របស់ សិស្ស។ វាមានភាពល្បីល្បាញដោយសារការទទួលបានពានរង្វាន់កម្មវិធីអប់រំលេខ១របស់ប្រទេសជប៉ុននិង កម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារដែលអ្នកប្រើប្រាស់ជាង២០០០០០នាក់នៅទូទាំងពិភពលោក។ សូមជម្រាបថា សិស្សានុសិស្សកម្ពុជាប្រមាណ ៤០០០ នាក់បានចូលរួមការប្រកួតប្រជែងជំនាញ STEM ជាមួយគ្នានៅលើកម្មវិធី Think!Think! ៕
ដោយ ៖ សហការី