ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបយក្សនៅអារ៉ាប៊ីសាអ៊ូឌីតមួយទៀតចង់ផ្តល់កិច្ចព្រមព្រៀង៣៥០លានដុល្លារដល់ Messi

ចែករំលែក៖

យោងតាមការចុះផ្សាយរបស់ forbes បានឱ្យដឹងថា ក្លិប Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីតបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូន Lionel Messi នូវកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់៣៥០លានដុល្លារក្នុងមួយឆ្នាំ។

Messi បច្ចុប្បន្នជាកីឡាកររបស់ក្លិប Paris Saint Germain ប៉ុន្តែកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅធ្វើឱ្យគាត់ក្លាយជាកីឡាករមិនមានតម្លៃផ្ទេរក្នុងរយៈពេលតិចជាង៦ខែ។

ផ្ទុយទៅនឹងការអះអាងយ៉ាងទូលំទូលាយ Messi មិនបានយល់ព្រមបន្តលក្ខខណ្ឌនៅ Parc des Princes ដោយយោងតាម ​​L’Equipe ដែលផ្តល់ក្តីសង្ឃឹមដល់ភាគីដូចជា Inter Miami និងអតីតក្លិប FC Barcelona ។

ក្លិប Al Hilal ក៏កំពុងសម្លឹងរកមើលការឆក់យក Messi ចេញពី Ligue 1ផងដែរ បើយោងតាម ​​Mundo Deportivo បានឲ្យដឹងថា ក្លិបអារ៉ាប៊ីសាអ៊ូឌីតបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនម្ចាស់ពានរង្វាន់ Ballond’or ៧សម័យរូបនេះនូវចំនួនទឹកប្រាក់ដ៏មហាសាលដែលនឹងឃើញគាត់វ៉ាដាច់គូប្រជែង Ronaldo ជាកីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក។

Ronaldo បានចូលរួមជាមួយក្លិប Al Nassr ដែលជាគូប្រជែងរបស់ Al Hilal នៅឆ្នាំ២០២៣នេះ ហើយត្រូវបានគេរាយការណ៍ថានឹងទទួលបាន២១០លានដុល្លារក្នុងមួយឆ្នាំ។

បច្ចុប្បន្នអារ៉ាប៊ីសាអ៊ូឌីតកំពុងរៀបចំការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ជាមួយនឹងប្រទេសក្រិក និងអេហ្ស៊ីប ហើយការមានកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត២នាក់ដែលលេងក្នុងលីកក្នុងស្រុករបស់ពួកគេនឹងមានការពេញចិត្តយ៉ាងខ្លាំងចំពោះលីកប្រទេសនេះ។

សារព័ត៌មាន Mundo Deportivo ដកស្រង់តួលេខ២ផ្សេងគ្នាឲ្យដឹងថា Al Hilal ត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូន Messi ៣០០លានអឺរ៉ូ (៣២២លានដុល្លារ) ឬរហូតដល់៣៥០លានដុល្លារក្នុងមួយឆ្នាំ។ចំណែកកាសែតប្រចាំថ្ងៃ Catalan បានផ្សាយថា ខណៈដែលទាំងនេះជាចំនួនពិបាកក្នុងការបដិសេធ វានៅតែត្រូវមើលថា តើខ្សែប្រយុទ្ធអាហ្សង់ទីននឹងយល់ព្រមផ្លាស់ទៅប្រទេសដែលមានទំនៀមទម្លាប់ខុសៗគ្នា និងអាកាសធាតុស្មុគស្មាញបែបនេះទាក់ទងនឹងសីតុណ្ហភាពដែរឬទេ?

Messi មិន​មែន​ជាកីឡាករមិនដែលបង្ហាញខ្លួនសម្រាប់ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ទេ ​បន្ទាប់​ពី​បាន​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​យុទ្ធនាការ​ទេសចរណ៍ “Visit Saudi” របស់ប្រទេសនេះ​ក្នុង​ឆ្នាំ២០២២។ នៅចុងខែនេះគាត់ក៏នឹងធ្វើដំណើរទៅទីនោះដើម្បីលេងឱ្យ PSG ទល់នឹងក្រុម Al Nassr ក្នុងការប្រកួតមិត្តភាព ហើយ Al Hilal អាចទាញយកប្រយោជន៍ពីឱកាសដើម្បីធ្វើឱ្យគាត់ក្លាយជាសំណើជាក់ស្តែងផងដែរ។

ការប្រកួតរវាង Al Hilal និង Al Nassr ត្រូវបានគេចាត់ទុកថា ជាការប្រកួត El Clasico របស់អារ៉ាប៊ីសាអ៊ូឌីតដែលស្មើនឹង El Clasico រវាង Barcelona និង Real Madrid ដែល Messi និង Ronaldo បានដើរតួយ៉ាងលេចធ្លោពេញមួយទសវត្សរ៍ឆ្នាំ២០០០ និង២០១០ ៕

ដោយ៖ ភារៈ(រូបភាព ៖ forbes.com )


ចែករំលែក៖