ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់រត់ឆ្លងថ្នល់ដេញកាប់ម្តាយនិងកូនត្រូវរថយន្តបុកស្លាប់លើផ្លូវជាតិលេខ៧

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ដោយសារតែភ្លើងប្រចណ្ឌបណ្តាលឱ្យស្រ្តីអាយុ៣០ឆ្នាំម្នាក់ ដេញកាប់ស្រ្តីជាម្តាយ និងកូនប្រុសបណ្តាលឱ្យរងរបួសហើយរត់ឆ្លងថ្នល់ ប៉ុន្តែចៃដន្យអ្នកដេញកាប់គេតាមពីខាងក្រោយត្រូវរថយន្តធុនធំបុកស្លាប់ ដាច់ដៃចេញពីខ្លួនយ៉ាងអាណោចអាធ័ម កាលពីម៉ោងជាង៧ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

    ហេតុការណ៍ដេញកាប់គ្នាត្រូវរថយន្តបុកស្លាប់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨ ស្ថិតក្នុងភូមិសង្គមមានជ័យចាស់ ឃុំ-ស្រុកមេមត់។

    មន្រ្តីនគរបាលស្រុកមេមត់បានឱ្យដឹងថា ស្រ្តីដែលស្លាប់ឈ្មោះ ប៉ូ សុខគា អាយុ ៣០ឆ្នាំ មានទីលំនៅភូមិមេមត់ផ្សារ ឃុំ-ស្រុកមេមត់។ ចំណែកខាងអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3B-0007 សណ្តោងរ៉ឺមកពណ៌ខៀវលេខកំពង់ចាម 4A-1177 ជាបុរសឈ្មោះ ជា ជាតិ អាយុ ២៧ ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

    ប្រភពដដែលបន្ថែមថា  នៅមុនពេលកើតហេតុ  ស្រ្តីឈ្មោះ ប៉ូ សុខគា បានធ្វើសកម្មភាពដេញកាប់ម្តាយនិងកូន ប្រុសបណ្តាលឱ្យរងរបួសធ្វើឱ្យម្តាយនិងកូនភ័យខ្លាចក៏រត់ឆ្លងថ្នល់ទៅម្ខាង ហើយស្រ្តីនោះនៅតែដេញកាប់បន្តទៀត ប៉ុន្តែចៃដន្យពេលកំពុងរត់ឆ្លងថ្នល់ក៏ត្រូវរថយន្តខាងលើបុកនិងកិនពេញទំហឹងបណ្តាលឱ្យដាច់ដៃម្ខាងស្លាប់នៅនឹងកន្លែងតែម្តង។

    ជុំវិញករណីនេះ លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានប្រាប់ថា៖ បញ្ហានេះផ្តើមចេញពីការប្រចណ្ឌ តែខាងលោកមិនទាន់ស៊ីជម្រៅលើករណីនេះទេ គឺខាងជំនាញព្រហ្មទណ្ឌកំពុងធ្វើការស៊ើបអង្កេត លទ្ធផលយ៉ាងណានឹងជម្រាបជូនតាមក្រោយ ៕

ដោយ៖សហការី


ចែករំលែក៖